អាជ្ញាធរ និងយោធាកម្ពុជា-ថៃ ជួបប្រជុំរឹតចំណងសាមគ្គីភាព ប្តេជ្ញារួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងឧត្តមឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ បានអញ្ជើញអមដំណើរឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងបង្កើនចំណងសម្ព័ន្ធមេត្រីភាពរវាងមេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការនៃមជ្ឈមណ្ឌលប្រតិបត្តិការតំបន់កងទ័ពទី១ ខេត្តបន្ទាយមានជ័យ នៃព្រះ រាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ។

គណ:ប្រតិភូយោធភូមិភាគទី៥​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង​ ធារិន មេបញ្ជាការរង នាយ​សេនាធិការ​ យោធភូមិភាគទី៥​ រីឯភាគីថៃ ប្រតិភូកងទ័ពភូមិភាគទី១ថៃ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លែវផ្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ​ និងអភិបាលខេត្តស្រះកែវ។

ជំនួបទ្វេភាគីកម្ពុជា-ថៃ ត្រូវបានធ្វើឡើងនៅបរិវេណស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកអន្តរជាតិ "ប៉ោយប៉ែត-ខ្លងលឹក"។ គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យ រឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា-កងទ័ពភូមិភាគទី១ថៃ​ រួមមាន:

១-ការដោះស្រាយបញ្ហា តាមតំបន់ព្រំដែនបានកាន់តែល្អប្រសើរ​ ឡើង។

២-បន្តអនុវត្តន៍យន្តការ នៃជំនួបពិភាក្សា រវាងមេបញ្ជាការ កងទ័ពជើងគោកនៃប្រទេសទាំងពីរ ។

៣-គាំទ្រសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

៤-បន្តកិច្ចសហប្រតិបត្តការទប់ស្កាត់ បញ្ហាគ្រឿងញៀន ចោរកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ បទល្មើសផ្សេងៗ និងទប់ស្កាត់អំពើរភេរវកម្ម ឧក្រិដកម្មតាមបណ្តោយព្រំដែន៕







Powered by Blogger.