កម្ពុជាសម្រេចដាក់«គុនខ្មែរ»ក្នុងស៊ីហ្គេម២០២៣ជាផ្លូវការដោយប្រើអត្តសញ្ញាណផ្ទាល់ខ្លួន និងបានកំណត់បន្ថែមលើវិញ្ញាសាសម្ដែងគឺថ្វាយបង្គំគ្រូ (គុនគ្រូ)

CAMSOC-ភ្នំពេញ៖ ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំគុនខ្មែរអន្តរជាតិពិសេស កម្ពុជាសម្រេចដាក់បញ្ចូលកីឡាគុនខ្មែរ ឲ្យមានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ជាផ្លូវការ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Garden City ។ 

ក្នុងកិច្ចប្រជុំ កីឡាគុនខ្មែរត្រូវបានសម្រេចដាក់បញ្ចូលក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ជាផ្លូវការដែលមានប្រទេសចំនួន៧បានគាំទ្រដល់ការសម្រេចមួយនេះ និងយល់ព្រមបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រជែងមេដាយលើប្រភេទកីឡាគុនខ្មែរក្នុងកីឡាស៊ីហ្គេម ដែលក្នុងនោះក៏មានប្រទេសថៃផងដែរ។ 


ឯកឧត្ដមអគ្គលេខាធិការបន្តថា ៖«យើងបញ្ចូលប្រភេទកីឡា គុនខ្មែរ ឲ្យមានក្នុងបញ្ជីកីឡាស៊ីហ្គេម ២០២៣។ ការរៀបចំប្រភេទកីឡា គុនខ្មែរ នេះទៀតសោត យើងបានកំណត់រួចហើយ ពីច្បាប់នៃការប្រកួត ពោលគឺមិនទាក់ទងដល់ច្បាប់នៃប្រភេទកីឡារបស់គេទេ មិនថា Muay ឬកីឡាណាទេគឺមិនទាន់ទង។ ច្បាប់នៃការប្រកួតរបស់កីឡា គុនខ្មែរ នេះក៏អាចយកទៅប្រើប្រាស់នៅពេលរៀបចំស៊ីហ្គេមនៅប្រទេសផ្សេងទៀតបាន។ អ្វីដែលយើងបានដាក់បទបញ្ជាការប្រកួតគឺជាច្បាប់នៃការប្រកួតរបស់គុនខ្មែរ គឺមិនទាក់ទងជាមួយបទបញ្ជាការប្រកួតរបស់អ្វីផ្សេងទៀតទេ»។ 


ឯកឧត្តមបានពន្យល់ថា ការដាក់គុនខ្មែរសម្រាប់ការប្រកួតនេះគឺប្រើប្រាស់អត្តសញ្ញាណខ្មែរសុទ្ធសាធដោយមិនប៉ះពាល់ដល់ក្បាច់គុនរបស់ប្រទេសណាមួយឡើយ។ អត្តសញ្ញាណខ្មែរសុទ្ធគឺ ការថ្វាយបង្គំគ្រូ ការប្រើក្រមាខ្មែរដោយមានទង់ជាតិខ្មែរជូតលើក្បាល រុំអំបោះឆៅលើដៃ និងប្រើឧបករណ៍ការពារខ្លួនរួមមាន ពាក់មួកការពារក្បាល ពាក់អាវការពារទ្រូង និងពាក់ក្រណាត់ដើម្បីការពារកែង ព្រមទាំងបទបញ្ជាការប្រកួត និងគោលការណ៍គុនខ្មែរទាំងស្រុង។ សម្រាប់ការប្រើក្រមាដាក់ទង់ជាតិនៅលើក្បាលនេះ ប្រសិនបើប្រទេសផ្សេងដាក់ទង់ជាតិរបស់ខ្លួននៅលើក្រមាគឺអាចប្រើបាន។ ចំពោះការប្រើអំបោះឆៅ ប្រសិនបើប្រទេសផ្សេងមានលក្ខណៈពិសេសក្នុងការប្រើប្រាស់តាមជំនឿរបស់ពួកគេក៏អាចដាក់បាន។


ជាពិសេសទៀតនោះ កម្ពុជាបានកំណត់បន្ថែមលើវិញ្ញាសាសម្ដែងគឺថ្វាយបង្គំគ្រូ (គុនគ្រូ)។ ការកំណត់ដាក់វិញ្ញាសាសម្តែង«គុនគ្រូ»នេះទទួលបានគាំទ្រពីប្រទេស៧ផ្សេងទៀត។ ៧ប្រទេសដែលចូលរួមប្រកួត គុនខ្មែរមាន កម្ពុជាជាម្ចាស់ផ្ទះ ឡាវ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ខណៈថៃនៅមិនទាន់ច្បាស់ថាតើបញ្ជូនអត្តពលិករបស់ខ្លួនចូលរួមប្រកួតឬយ៉ាងណាទេ ប៉ុន្តែថៃមានក្រុមកីឡារួចហើយដែលអាចចូលរួមបាន។ នេះជាការបន្ថែមរបស់ ឯកឧត្ដមអគ្គលេខាធិការ។ 


ជាមួយគ្នានេះ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានប្រកាសពីការប្ដេជ្ញាចិត្ត ក្នុងការតស៊ូសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥ និងស៊ីហ្គេមក្រោយៗទៀត ដោយធ្វើយ៉ាងណាស្នើដល់ប្រទេសជាម្ចាស់ផ្ទះរៀបចំឲ្យមានប្រភេទកីឡាគុនខ្មែរ ជាបន្ទាប់ៗមកទៀត។

គិតមកដល់ពេលនេះសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ មានប្រទេសជាសមាជិកចំនួន ២៩ ប្រទេសរួចហើយ និងមានគោលដៅធ្វើយ៉ាងណាព្យាយាមពង្រីកសមាជិកបន្ថែមទៀតដើម្បីឲ្យល្បីសុះសាយទូទាំងពិភពលោក៕







Powered by Blogger.