នាយករដ្ឋមន្ត្រីថៃ អំពាវនាវឱ្យបញ្ចប់ការឈ្លោះប្រកែកគ្នារឿង «មួយថៃ និងគុនខ្មែរ»
ថៃ ៖ យោងតាមប្រភពពីសារព័ត៌មានថៃ បាងកកប៉ុស្ត៍ នៅថ្ងៃទី៣១ មករា នេះ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានអំពាវនាវឱ្យបញ្ចប់ការឈ្លោះប្រកែកគ្នា ដែលគ្មានន័យ ជុំវិញថា តើកីឡាប្រដាល់គួរត្រូវហៅថា «មួយថៃ» (Muay Thai) ឬ «គុនខ្មែរ» (Kun Khmer) ដែលជាពាក្យផ្លូវការ ប្រើសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា ខាងមុខនេះ។ គួររំលឹកថា ទីបំផុត! ថៃ និង៦ប្រទេសផ្សេងទៀតអនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ«គុនខ្មែរ»ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា
លោក ប្រាយុទ្ធ បានលើកឡើងពីបញ្ហានេះ អំឡុងពេលត្រួតពិនិត្យមើលសកម្មភាពការងារ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ នៅអគារ Santi Maitree នៃវិមានរដ្ឋាភិបាល ដើម្បីត្រៀមផ្សព្វផ្សាយជាសាធារណៈនូវទិវា «Muay Thai» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែកុម្ភៈ មុនពេលលោកបន្តដំណើរចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។
ជម្លោះលើការប្រើប្រាស់ឈ្មោះនៃកីឡាប្រដាល់ បានផ្ទុះឡើងនៅពេលកម្ពុជា ម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខនេះ បានប្តូរឈ្មោះកីឡាប្រដាល់នៃព្រឹត្តិការណ៍នេះ ជាប្រដាល់គុនខ្មែរ ដោយបានលើកហេតុផលថា ក្បាច់គុន គឺមានប្រភពចេញពីវប្បធម៌ខ្មែរ និងត្រូវបានគេស្គាល់កាន់តែច្បាស់នៅជុំវិញពិភពលោក។
ជាមួយការផ្លាស់ប្តូរនេះ បានបង្កជាការជជែកវែកញែកអំពីប្រភពនៃក្បាច់គុនបុរាណ ហើយឈានទៅដល់ការបញ្ចេញមតិប្រឆាំងគ្នាយ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ប្រទេសទាំងពីរ។ បើទោះបីជាថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិអូឡាំពិក ប្រទេសទាំងពីរប្រកាន់ជំហរ និងធ្វើការដោះស្រាយបញ្ហានេះ ចប់សព្វគ្រប់យ៉ាងណាក៏ដោយ។
ជាក់ស្តែង កាលពីថ្ងៃទី២៦ មករា កន្លងទៅ ម្ចាស់ផ្ទះកម្ពុជា ប្រទេសថៃ និង៦ប្រទេសផ្សេងទៀត នៅក្នុងតំបន់អាស៊ានរួមមាន ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,ឥណ្ឌូណេស៊ី, ហ្វីលីពីន និង វៀតណាម បានអនុម័តជាឯកច្ឆ័ន្ទប្រើឈ្មោះ «គុនខ្មែរ» ដោយមិនមានការកែប្រែសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ យ៉ាងណាក៏ដោយ ក៏អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា និងថៃ នៅតែមានការប៉ះទង្គិចលើការបញ្ចេញមតិរវាងគ្នា ពាក់ព័ន្ធលើបញ្ហានេះ។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ លោក ប្រាយុទ្ធ បាននិយាយថា «Muay Thai គឺជាផ្នែកមួយនៃវប្បធម៌ថៃយូរមកហើយ ហើយយើងមានមោទនភាពចំពោះវប្បធម៌មួយនេះ។ ប៉ុន្តែវាមិនចាំបាច់សម្រាប់ពួកយើង ដើម្បីឈ្លោះប្រកែកជាមួយនរណាម្នាក់នោះទេ។ គ្មាននរណាម្នាក់ អាចដកហូតអ្វីដែលជារបស់យើងនោះទេ។ វាមិនគួរក្លាយជាជម្លោះទេ។ ចូរយើងបញ្ចប់ការឈ្លោះប្រកែកគ្នាទៀតទៅ។ ការធ្វើបែបនោះ គឺគ្មានន័យអ្វីនោះទេ ព្រោះយើងដឹងថា អ្វីទៅជាអ្វីរួចហើយ»។
សូមជម្រាបជូនថា កន្លងមក លោក ប្រាយុទ្ធ ធ្លាប់បានចូលរួមក្នុងការផ្សព្វផ្សាយ និងបង្ហាញអំពីជំនាញប្រដាល់របស់គាត់ ជាមួយនឹងអ្នកប្រដាល់ Muay Thai ដោយបានធ្វើឱ្យបរិយាកាសមានភាពស្រស់ស្រាយ និងទាក់ទាញការលើកទឹកចិត្តខ្លាំងៗ ម្តងម្កាលផងដែរ៕ (ដកស្រង់ចេញពីសារព័ត៌មានបាងកកប៉ុស្តិ៍)
Post a Comment