មន្ដ្រីកីឡាជាន់ខ្ពស់ថៃ អះអាងថា បានរៀនសូត្រច្រើនពីកម្ពុជា សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេន

 AMSOC-ភ្នំពេញ៖ លោកស្រី Supitr Samahito នាយបេសកកម្មរង និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូងរបស់កម្ពុជា។ លើសពីនេះ លោកស្រីរៀនសូត្រច្រើនពីកម្ពុជា សម្រាប់ជាពិសោធន៍នៅពេលថៃត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេនពីកម្ពុជា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥។


ការអះអាងរបស់មន្ដ្រីកីឡាជាន់ខ្ពស់ថៃរូបនេះ បន្ទាប់ពីលោកស្រី រួមជាមួយនាយបេសកកម្មស៊ីហ្គេម និងប្រតិភូបណ្ដាប្រទេសសមាជិកស៊ីហ្គេមទាំងអស់ បានចូលរួមកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម លើកទី១ និងដំណើរទស្សនកិច្ចទីលានប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី ២៥-២៦ ខែមករាកន្លងទៅ។ ចំណែកនាយបេសកកម្មបណ្ដាប្រទេសផ្សេងៗ ក៏មិនខុសគ្នាដែរ សុទ្ធតែបានសរសើរកម្ពុជាដូចគ្នា។

ក្រោយបញ្ចប់កិច្ចប្រជុំ និងដំណើរទស្សនកិច្ចខាងលើ លោកស្រី Supitr បានបញ្ជាក់ថា ៖«ក្នុងនាមម្ចាស់ផ្ទះបន្ដវេនពីកម្ពុជា ខ្ញុំបានរៀនសូត្រច្រើន។ ទី១-បរិយាកាសក្នុងបន្ទប់ប្រជុំនាយបេសកកម្ម គឺខ្ញុំស្រលាញ់មែនទែន សាមញ្ញា តែមានភាពថ្លៃថ្នូរ និងមានការរៀបចំដោយរបៀបរៀបរយយ៉ាងល្អប្រសើរ។ ទី២-ការរៀបចំពិធីរាប់ថយក្រោយ ១០០ថ្ងៃរបស់កម្ពុជា។ ពិធីរាប់ថយក្រោយរបស់កម្ពុជា បានយកប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូលទៅសម្ដែងនៅលើឆាក ហើយអញ្ជើញនាយបេសកកម្មទាំងអស់ចូលរួម ដែលបញ្ជាក់អំពីសាមគ្គីភាព រវាងប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយយើងនឹងព្យាយាមធ្វើយ៉ាងណាឲ្យមានកម្មវិធីស្រដៀងគ្នា និងពិធីបិទ ដើម្បីមកទទួលទង់ស៊ីហ្គេមបន្ដពីកម្ពុជា»។


«មួយទៀត ពិធីរត់ភ្លើងគប់ ទៅកាន់ប្រទេសសមាជិកទាំង១០។ ចំណុចនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថា គឺកម្ពុជាបានពញ្ញាក់អារម្មណ៍ប្រជាជាតិអាស៊ីអាគ្នេយ៍របស់យើងថា ស៊ីហ្គេមជិតមកដល់ហើយ។ អ៊ីចឹងថៃ គួរតែធ្វើអ្វីដែលស្រដៀងហ្នឹង (ស្រដៀងកម្មវិធីរៀបចំ) ។ ហេតុនេះ ខ្ញុំបានរៀនសូត្រច្រើនមុនស៊ីហ្គេម នៅកម្ពុជា ហើយទម្រាំពេលហ្គេមកដល់ ខ្ញុំគិតថា ខ្ញុំនឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់យកទៅប្រទេសថៃ ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេមបន្ដវេន បន្ទាប់ពីកម្ពុជា»។ នេះបើតាមការបញ្ជាក់របស់លោកស្រី Supitr Samahito៕

Powered by Blogger.