តំបន់កម្សាន្តនៅស្រុកស្រែអំបិល ត្រៀមស្វាគមន៍អ្នកទេសចរ អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ដោយមិនតម្លើងតម្លៃសេវាកម្ម
ម្ចាស់តំបន់រមណីយដ្ឋានកម្សាន្តក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល អះអាងថា ខ្លួនមិនតម្លើងថ្លៃសេវាស្នាក់នៅ និងអាហារហូបចុកនោះទេ ដោយបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាំទទួលស្វាគមន៍ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋានអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម។
លោក ជឹម យ៉ិនធុយ អ្នកគ្រប់គ្រងទូទៅរមណីយដ្ឋានឆ្នេរសុភមង្គល បានឲ្យដឹងកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ ថា លោកបានត្រៀមនូវការបញ្ចុះតម្លៃពិសេសសម្រាប់ភ្ញៀវទេសចរដែលមកស្នាក់នៅ លេងកម្សាន្ត ក្នុងតំបន់រមណីយដ្ឋានរបស់លោករហូតដល់ ២៥ ភាគរយ ដោយឡែកអាហារសមុទ្រស្រស់ៗ ក៏បញ្ចុះថ្លៃដូចគ្នាដែរ។
លោក ជឹម យ៉ិនធុយ បន្តទៀតថា អាហារសមុទ្រក៏មិនបានទិញពីខេត្តផ្សេងៗនោះទេ ព្រោះក្នុងមូលដ្ឋានមានប្រជានេសាទស្រាប់ ដោយលោកបញ្ជាទិញពីពួកគាត់ភ្លាមៗតែម្ដងនៅពេលចូលចតនៅច្រាំង។ រមណីយដ្ឋានសុភមង្គល មានជាបឹងកាឡូផងដែរ ក្នុង ១ យប់ តម្លៃ ៥០ ដុល្លារ មិនគិតពីចំនួនអ្នកគេងនោះទេ។
តំណាងអ្នកគ្រប់គ្រងទូទៅរមណីយដ្ឋានឆ្នេរសុភមង្គល ថ្លែងមិនតម្លើងថ្លៃសេវាកម្មទាំងនេះ ក៏ដោយសារតែចង់បានទំនុកចិត្តពីអ្នកទេសចរដែលមានបំណងមកស្នាក់នៅកម្សាន្ត និងជួយលើកកម្ពស់វិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកស្រែអំបិល។
គិតមកដល់ពេលនេះ មានការទទួលកក់កន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរជិត ៣០ ភាគរយហើយ ប៉ុន្តែពុំសូវទទួលកក់នោះទេ ដោយផ្ដល់ឱកាសដល់អ្នកលេងដល់កន្លែងផ្ទាល់អាចមានលទ្ធភាពស្នាក់នៅផ្ទាល់ច្រើនជាង។ បច្ចុប្បន្នសក្ដានុពលដែលរមណីយដ្ឋានឆ្នេរសុភមង្គល មានដូចជា ៖ ទេសភាពព្រៃកោងកាង ជិះទូកកាយ៉ាក មើលធនធានជីវចម្រុះក្នុងទឹកសមុទ្រ និងបោះតង់។
ចំណែកឯអ្នកស្រី ប៉ាត រីម តំណាងឆ្នេរកោងកាង បានឲ្យដឹងស្រដៀងនឹងលោក យ៉ិនធុយ ដែរថា អ្នកស្រីមិនតម្លើងសេវាកម្មហួសហេតុនោះទេ ព្រោះតំបន់កម្សាន្តរបស់អ្នកស្រីមានភ្ញៀវនៅពេលដែលមានកម្មវិធីបុណ្យទានធំតូចប៉ុណ្ណោះ។ សេវាកម្មរបស់អ្នកស្រី មានជាបឹងកាឡូ ផ្ទះស្នាក់នៅ ឆ្នេរសមុទ្រ ខ្ចុរអង្គុយពិសាអាហារ។
អ្នកស្រីជឿជាក់ថា ក្រោយរាជរដ្ឋាភិបាលបើកប្រទេសស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ លំហូរទេសចរនឹងមកលេងកម្សាន្តកាន់តែច្រើនក្នុងតំបន់ទេសចរណ៍ក្នុងស្រុកស្រែអំបិល បូកមិនតម្លើងអាហារស្នាក់នៅ ចៀសវាងការថ្នាំងថ្នាក់ចិត្តភ្ញៀវលែងចង់មកកម្សាន្ត។
លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ ថា លោកបានផ្សព្វផ្សាយណែនាំដល់ម្ចាស់រមណីយដ្ឋានកម្សាន្តក្នុងមូលដ្ឋាន បង្កើនការពង្រឹងគុណភាពសេវាកម្ម និងសោភ័ណភាពអនាម័យទេសចរណ៍ឲ្យបានល្អប្រសើរ ដោយមិនត្រូវតម្លើងថ្លៃហួសហេតុពេកនោះទេ ដែលជាកត្តានាំឲ្យបាត់បង់ប្រាក់ចំណូល ព្រោះពុំមែនប្រកបអាជីវកម្មតែមួយថ្ងៃឡើយ។
លោកអភិបាលស្រុកស្រែអំបិល ក៏ដាស់តឿនដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធពីការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យផ្សេងៗ បណ្ដាលមកពីការធ្វេសប្រហែស ខណៈបញ្ហានេះគប្បីយកចិត្តទុកដាក់ទប់ស្កាត់គ្រប់ពេលវេលា បញ្ចៀសកើតមានគ្រោះអគ្គិភ័យអំឡុងពេលមានបុណ្យទាន៕
Post a Comment