នាវាទេសចរណ៍ខ្នាតធំ១គ្រឿងទៀត ផ្ទុកអ្នកដំណើរ ១៣៥នាក់ មាន១០សញ្ជាតិ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចក្នុងខេត្ត និងរាជធានីភ្នំពេញ
នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀតមានឈ្មោះ Ocean Odyssey សញ្ជាតិ Bahamas បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរណ៍ ចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ និងបន្តទៅរាជធានីភ្នំពេញ។
នាវាទេសចរណ៍ខ្នាតធំ Ocean Odyssey នេះ មាននាវិកចំនួន ៨២នាក់ ស្រី ០៨នាក់ មាន ១៦សញ្ជាតិ មានភ្ញៀវទេសចរណ៍ចំនួន ១៣៥នាក់ ស្រី ៨០នាក់ មាន ១០សញ្ជាតិ។ នាវាចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅថ្ងៃនេះ និងបន្តចេញទៅវិញ នៅវេលាម៉ោង១៦៖០០ នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ស្អែកនេះ។
គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ខ្នាតធំ Ocean Odyssey បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកទី៣ហើយបន្ទាប់ប់ពីនាវាទេសចរណ៍ Seabourn Encore បានចូលចតកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដោយមានផ្ទុកអ្នកដំណើរប្រមាណជា៥០០នាក់ និងបន្ទាប់ពីនាវាទេសចរណ៍ខ្នាតធំឈ្មោះ Westerdam បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលពេលនោះមានប្រទេសមួយចំនួនបានបដិសេធមិនទទួលនាវានេះឱ្យចូលចតដោយមានការព្រួយបារម្ភភ័យខ្លាចពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
គួរជម្រាបដែរថា នេះគឺជាការចូលចតលើកទី២ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេល០២ឆ្នាំកន្លងមកនេះ ដែលនេះជាសញ្ញាវិជ្ជមានបញ្ជាក់ថាវិស័យទេសចរណ៍កម្ពុជា ធានាបានភាពធន់ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕
Post a Comment