សម្ដេចក្រឡាហោម ស ខេង ស្នើឱ្យសិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគ ណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានស្នើឱ្យមន្ដ្រីក្រោមឱវាទសិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន និងត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់រក្សារហូតដល់អាយុ ១៨ឆ្នាំ។ ការស្នើរបស់សម្ដេចក្រឡាហោមនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា៖ «ខ្ញុំ មើលព័ត៌មាននៅសហរដ្ឋអាមេរិក អ្នកបើកបរបង្កគ្រោះថ្នាក់ ទៅដល់រងទុក្ខជាអ្នកអនីតិជន អ្នកនោះឯង ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សា រហូតដល់អាយុ ១៨ឆ្នាំ។ សូមឱ្យ ឯកឧត្តម-លោកជំទាវ ត្រូវស្រាវជ្រាវករណីនេះ ហើយក៏ជាជំនួយស្មារតីមួយដែរ ដើម្បីដាក់ទោស ឬក៏ដាស់តឿន ទៅដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោមបានថ្លែងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និង ដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣។
សម្ដេចក្រឡាហោមក៏បានអំពាវនាដល់បណ្ដាលក្រុមហ៊ុនដឹកជញ្ជូន កុំដឹកលើសទម្ងន់ នាំឱ្យផ្លូវថ្នល់ឆាប់ខូច ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២ ៩៧៦ លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៧០៩ នាក់ និងរបួសចំនួន ៤ ០២៦ នាក់ (របួសធ្ងន់ ២ ៥៧៩ នាក់)។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៧២នាក់ ខេត្តកណ្តាលចំនួន ១៥៧នាក់ និងខេត្តកំពង់ចាម ចំនួន ១៣១នាក់។ មូលហេតុបណ្តាលឱ្យ មានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់៣៩ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្តាំ១១ភាគរយ វ៉ាជែង១០ភាគរយ បត់៩ភាគរយ ស្រវឹង៤ភាគរយ កត្តាយានយន្ត៣ភាគរយ និងងងុយ១ភាគរយ ៕
Post a Comment