រឿងភ្ញាក់ផ្អើលមួយនៅចិនគឺ ក្រុមបុរាណវិទ្យា ប្រើពេល ៣០ឆ្នាំទៅហើយ មិនទាន់ជីកដល់ទីតាំងផ្នូរស្តេចឈីង
ផ្នូរស្តេចឈីង ដែលមានអាយុកាលជាង ២ពាន់ឆ្នាំ ត្រូវបានគេជឿជាក់ថា ជាផ្នូរធំជាងគេបំផុត និងសម្បូរវត្ថុមានតម្លៃយ៉ាងច្រើនមហាសាល ប៉ុន្តែមានចម្ងល់មួយត្រង់ថា ហេតុអ្វីបានជាគេមិនជីករកផ្នូរនោះ ដើម្បីឱ្យដឹងការពិតតែម្តងទៅ បើគេបានរកឃើញទាហានដីឥដ្ឋដែលត្រូវបានដាក់យាមក្នុងផ្នូរនេះទៅហើយនោះ? ការពិតគឺមានឧបសគ្គជាច្រើន ដូចខាងក្រោមនេះ៖
ការជីកកកាយផ្នូរ ត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្នតាមបច្ចេកទេសស្រាវជ្រាវ ដើម្បីបញ្ចៀសការខូចខាតផ្នូរ ពោលគឺខ្លាចប៉ះពាល់ដល់ភស្តុតាងប្រវត្តិសាស្រ្ត។ រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ ហ៊ានធានាទេថា ពេលជីកកកាយនេះ នឹងគ្មានកំហុសកើតឡើង។
ផ្នូរនេះ ត្រូវបានសន្និដ្ឋានថា មាន២ជាន់ ដោយជាន់ក្រោមគេគឺជារាជវាំងក្រោមដី ពោលគឺចំណុចផ្នូរស្តេចឈីង មានជម្រៅក្រោមដីប្រហែល ៣៥ម៉ែត្រឯណោះ ខណៈផ្នែកខាងលើនៃផ្នូរ ដែលមានទាហានដីឥដ្ឋនោះ មានជម្រៅរាក់ត្រឹមតែ ៣ ទៅ ៥ម៉ែត្រប៉ុណ្ណោះ។ ដូច្នេះ បើប្រថុយជីកដល់ក្រោមជ្រៅពេក អាចប្រឈមនឹងការបាក់ដីក្នុងផ្នូរ។
ក្រុមបុរាណវិទ្យា ប្រើពេល ៣០ឆ្នាំទៅហើយ ទើបជីករុករកបានប្រហែល ១ភាគ៣ នៃផ្នូរតែប៉ុណ្ណោះ។ ដូច្នេះ គេមិនដឹងថា តើទម្រាំតែរកឃើញផ្នូរទាំងស្រុង ត្រូវចំណាយពេលប៉ុន្មានឆ្នាំទៀតទេ ពោលគឺគេត្រូវការថវិកា និងធនធានមនុស្សយ៉ាងច្រើន ទើបអាចបន្តការងារនេះបានទៅមុខ។
ចំនួនដ៏ច្រើននៃបារត ត្រូវបានអង្កេតឃើញក្នុងផ្នូរនេះ។ វាអាចធ្វើឱ្យបុរាណវិទូពុល នៅពេលពួកគេចូលក្នុងផ្នូរ។ លើសពីនេះ បើបារត ត្រូវបានលេចធ្លាយចេញមកក្រៅ នោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។
តាមកំណត់ត្រាប្រវត្តិសាស្រ្តរបស់ Sima Qian ឱ្យដឹងថា ទីតាំងរាជវាំងក្រោមដីនៃផ្នូររបស់ស្តេចឈីង គឺពោរពេញដោយទ្រព្យសម្បត្តិដ៏កម្រ ដែលស្តេចឈីងប្រមូលនៅទូទាំងនគរ (ទាំងនគរចំណុះ)។ ក្នុងផ្នូរ ក៏មានបឹង ទន្លេ សមុទ្រ ដែលមានលំហូរទៅដោយសារធាតុបារត។ ដើម្បីការពារផ្នូរមិនឱ្យរំខាន អន្ទាក់ (ធ្នូដែលមានជាតិពុល) ត្រូវបានដំឡើងដើម្បីសម្លាប់អ្នកបំពានតែម្តង។
ចំនួនសារធាតុបារតក្នុងផ្នូរបានបញ្ជាក់ហើយថា ផ្នូរនេះមិនដែលត្រូវបានគេយាយីម្តងណាឡើយ ព្រោះបើវាត្រូវបានជីកគាស់នោះ វានឹងមានការសាយភាយជាតិបារតចេញមកហើយ។ លើសនេះទៀត ក៏គ្មានស្នាមជីកកកាយផ្នូរពីមុនមកដែរ។
ស្តេចឈីង បានចេញបញ្ជាឱ្យសង់ផ្នូរនេះ នៅពេលឡើងគ្រងរាជ្យក្នុងឆ្នាំ ២៤៦មុនគ.ស ក្នុងនោះទាហានដីឥដ្ឋ ត្រូវបានបញ្ជាឱ្យធ្វើឡើងដើម្បីយាមផ្នូរ ដោយមានជំនឿថា ទាហានទាំងនេះនឹងបន្តតាមការពារទ្រង់ និងអំណាចក្រោយចូលទីវង្គត។ ការធ្វើទាហានដ៏ឥដ្ឋនេះ គឺដើម្បីជំនួសពីការយកជីវិតទាហានជាមនុស្សពិតមកយាម។
ចំពោះការសង់ផ្នូរនេះធ្វើឡើងលើផ្ទៃដីទំហំ៥០គីឡូម៉ែត្រការ៉េ ដោយប្រើកម្លាំងពលកម្មប្រមាណ ៧០ម៉ឺននាក់ឯណោះ ចំណាយពេល ៣៦ឆ្នាំ ពោលគឺផែនការនេះត្រូវបញ្ចប់ ពេលស្តេចចូលទីវង្គតក្នុងឆ្នាំ ២១០មុនគ.ស។
សូមជម្រាបថា ក្រោយរកឃើញផ្នូរនេះនៅក្រុងស៊ីអាន ក្នុងឆ្នាំ១៩៧៤មក អ្នកស្រាវជ្រាវបានជីកកកាយឃើញមានទាហានដីឥដ្ឋប្រមាណជាង ៨ពាន់រូប, រទេះចម្បាំង ១៣០គ្រឿង, សេះ ៦៧០ក្បាល។ ក្រៅពីនេះក៏មានតន្រ្តីករ សិល្បករ និងទាសីជាដីឥដ្ឋផងដែរ៕
Post a Comment