ខេត្តបន្ទាយមានជ័យ និងខេត្តវិញឡុងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តវិញឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម បានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទំនាក់ទំនង ជាពិសេសវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងដំណើរទស្សនកិច្ច និងអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការងារលើគ្រប់វិស័យ នៅប្រទេសវៀតណាមកាលពីថ្ងៃទី២០ មករា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជម្រាបជូនឯកឧត្តម លឺ ក្វាងងឺយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុងថា នេះជាមោទនភាពមួយដែលប្រទេសទាំងពីរ បានទើបងើបចេញផុតពីវិបត្តិសាកលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ឈានទៅបើកប្រទេស និងបើកព្រំដែនពេញលេញឡើងវិញដើម្បីស្តារសេដ្ឋកិច្ច ដែលជាលទ្ធផលដ៏ល្អប្រសើរទាំងនេះគឺបានដោយសារនយោបាយគ្រប់គ្រងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលប្រទេសទាំងពីរ មានប្រសិទ្ធភាពខ្ពស់ និងការចាក់វ៉ាក់សាំងបង្ការជំងឺនេះ ដល់ប្រជាពលរដ្ឋសម្រេចបានតាមផែនការ។
ជាកិច្ចឆ្លើយតប ឯកឧត្តម លឺ ក្វាងងឺយ បានថ្លែងអំណរគុណអភិបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំគណៈប្រតិភូមកទស្សនាកិច្ចប្រជុំពិភាក្សាការងារដោយផ្ទាល់។ ឯកឧត្តមបានបន្តថា ខេត្តនៅតំបន់ទំនាបទន្លេមេគង្គមួយនេះមានប្រជាជនជាង ៨៥ម៉ឺននាក់។ ក្នុងនោះជនជាតិដើមខ្មែរជាង ២ម៉ឺន ២ពាន់នាក់។ ភាគីវៀតណាមបានលើកឡើងបន្តថា ដោយមានបង្អែកសេដ្ឋកិច្ចលើវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្មជាដើម ដែលផលិតផលសរុបក្នុងស្រុកបានស្មើនឹងប្រមាណ ៧៥០លានដុល្លារអាម៉េរិក។ ក្នុងនោះក៏ជំរុញ និងពង្រឹងនូវការលើកកម្ពស់សុខុមាលភាព ជីវភាពប្រជាជន រួមទាំងបងប្អូនខ្មែរជនជាតិដើម និងព្រះសង្ឃផងដែរ។តាមរយៈជំនួបការងារនាពេលនេះភាគីប្រទេសទាំងពីរបានប្តេជ្ញាថា នឹងបន្តពូនជ្រំចំណងមិត្តភាព ភាតរភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាលើកទី១ កាលពីខែមេសា ឆ្នាំ២០១២ និងលើកទី២ កាលខែតុលា ឆ្នាំ២០១៧ កន្លងមក ហើយគ្រោងបន្ត ៥ឆ្នាំទៀត៕
Post a Comment