ត្រីធូណាមួយក្បាលមានតម្លៃជាង ២៧ម៉ឺនដុល្លារក្នុងការដេញថ្លៃប្រចាំឆ្នាំរបស់ជប៉ុន
ត្រីធូណាដែលលក់ដាច់បំផុតនៅកម្មវិធីដេញថ្លៃឆ្នាំថ្មីប្រចាំឆ្នាំរបស់ជប៉ុននៅទីក្រុងតូក្យូបានលក់ក្នុងតម្លៃជាង ២៧ម៉ឺនដុល្លារអាមេរិកក្នុងមួយក្បាលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពោលគឺមានតម្លៃជិតពីរដងធៀបនឹងតម្លៃកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ប្រតិបត្តិករភោជនីយដ្ឋានស៊ូស៊ី Onodera Group និងក្រុមហ៊ុនលក់ដុំជប៉ុន Yamayuki បានចំណាយប្រាក់ចំនួន ៣៦,០៤លានយ៉េន (២៧៣ ០០០ដុល្លារអាមេរិក) សម្រាប់ត្រីធូណាខៀវមួយក្បាលដែលមានទម្ងន់ ២១២គីឡូក្រាមក្នុងការដេញថ្លៃនៅផ្សារត្រី Toyosu ក្នុងទីក្រុងតូក្យូ។
ទោះជាយ៉ាងណា តម្លៃនេះមិនទាន់ស្មើនឹងតម្លៃខ្ពស់បំផុតដែលបានលក់នៅឆ្នាំ២០១៩ទេ ប៉ុន្តែវាបង្ហាញពីការស្ទុះងើបឡើងវិញសម្រាប់ការដេញថ្លៃជានិមិត្តរូបនេះបន្ទាប់ពីតម្លៃធ្លាក់ចុះរយៈពេលបីឆ្នាំ។
លោក Akifumi Sakagami មេចុងភៅស៊ូស៊ី និងអ្នកគ្រប់គ្រងក្រុមហ៊ុន Onodera បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការដេញថ្លៃនេះថា៖ «ត្រីធូមានគុណភាពល្អ»។ លោកបានបន្ថែមថា៖ «យើងមានភាពអាប់អួរជាច្រើនឆ្នាំ (ក្នុងអំឡុងពេលជំងឺរាតត្បាត)។ ខ្ញុំសង្ឃឹមថា យើងអាចផ្តល់សុភមង្គលដល់មនុស្សគ្រប់គ្នាដោយប្រើឱកាសដូចនេះ»។
ត្រីធូណាដែលលក់ដាច់បំផុតកាលពីឆ្នាំមុន ដែលត្រូវបានទិញដោយអ្នកដេញថ្លៃទាំងពីរនេះ មានតម្លៃត្រឹមតែ ១៦,៨៨លានយ៉េនប៉ុណ្ណោះ ដោយអ្នកក្នុងឧស្សាហកម្មនេះបានឱ្យដឹងថា ការដេញថ្លៃក្នុងតម្លៃទាបនេះគឺដោយសារតែការធ្លាក់ចុះតម្រូវការ ខណៈដែលជំងឺកូវីដបានវាយលុកពេញប្រទេសជប៉ុននៅដើមឆ្នាំ២០២២។ កាលឆ្នាំពី២០១៩ ការដេញថ្លៃត្រីធូណាមានតម្លៃរហូតដល់ ៣,១លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕
Post a Comment