នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំការងារសំខាន់ៗមួយចំនួន ជូនស្នងការថ្មីខេត្តកំពង់ចាម សម្ដៅរក្សាសាមគ្គី និងពង្រឹងប្រសិទ្ធភាពការងារ
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំនូវការងារសំខាន់ៗមួយចំនួន ដល់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបប្រកាសចូលកាន់តំណែង សម្ដៅរក្សាសាមគ្គី និងពង្រឹងប្រសិទ្ធភាពការងារ។
ពិធីប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចូលរួមអបអរសាទរចំពោះលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ដែលទើបត្រូវបានប្រកាសចូលកាន់តំណែង និងក៏សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ឯម កុសល អតីតស្នងការ ដែលក្នុងរយៈពេលកាន់តំណែង៦ឆ្នាំមកនេះ អនុវត្តតួនាទីភារកិច្ច ក្នុងការដឹកនាំកងកម្លាំងនគរបាលខេត្ដកំពង់ចាម ធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ក៏បានរំលឹកជូនអង្គពិធីអំពីជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលមានការចូលរួមដោយផ្ទាល់ ពីបណ្ដាថ្នាក់ដឹកនាំប្រទេសនានាក្នុងពិភពលោក ហើយក្នុងកិច្ចប្រជុំនោះ បានសម្រេចនូវឯកសាររហូតដល់ជាង១០០ឯកសារ។ បន្ថែមពីនេះ ក៏ធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ជូនបណ្ដាថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងអំពីស្នាដៃដែលសម្រេចបានរបស់កងកម្លាំងនគរបាលជាតិ ក្នុងការធានាបានយ៉ាងល្អសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ និងទប់ស្កាត់ បង្ការ ព្រមទាំងបង្ក្រាបបទល្មើសបានជាបន្ដបន្ទាប់ ដែលធ្វើឲ្យបទល្មើសថយចុះ៩ភាគរយ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវផ្ដល់លេខទូរស័ព្ទទំនាក់ទំនងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងនៅក្នុងករណីមានបញ្ហាកើតឡើង ឬពួកគាត់មានត្រូវការជំនួយណាមួយពីសមត្ថកិច្ច។
ដោយឡែក ចំពោះកងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលមានការខ្វះខាត នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យត្រូវបញ្ជូនកម្លាំងពីស្រុក ឬពីខេត្ត ទៅជួយក្នុងរយៈពេលវែង ឬរយៈពេលខ្លីសមស្របណាមួយ ដើម្បីជួយធានាដល់ការបម្រើប្រជាពលរដ្ឋ ប៉ុន្ដែហាមដាច់ខាតការផ្ទេរចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាល ទៅស្រុក ឬខេត្ត ព្រោះកម្លាំងនៅប៉ុស្ដិ៍នគរបាលរដ្ឋជាកម្លាំងមួយដ៏សំខាន់។ ការងារនេះ នាយឧត្តមសេនីយ៍ បានប្រាប់ទៅកាន់អធិការក្រុង ស្រុក និងស្នងការខេត្ត ត្រូវចាត់ចែងការងារនេះបន្ទាន់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសំណូមពរគណៈបញ្ជាការឯកភាពខេត្ត រួមមាន៖
*ទី១៖ សំណូមពរគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ជួយបង្កលក្ខណៈពង្រឹងបន្ថែមទៀតអំពីរបៀបរបរប្រជុំឲ្យបានទៀងទាត់។ ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ និងតំបន់ប្រតិបត្តិការសឹងរងខេត្ត ជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្ត ក្នុងការកំណត់ប្រធានបទប្រជុំដែលប្រឈម។
*ទី២៖ ជួយជំរុញបន្ថែមទៀត អាទិភាព គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។
ដោយឡែក សម្រាប់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលទើបប្រកាសចូលកាន់តំណែង និងកងកម្លាំងនគរបាលអនុវត្តច្បាប់ដូចខាងក្រោម៖
*ទី១៖ ស្នងការដែលទើបប្រកាសចូលកាន់តំណែងពង្រឹងតួនាទីដឹកនាំ ដែលជាអ្នកទទួលខុសត្រូវមុនគេ ចំពោះមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាព៖
ក៖ ចាត់ទុកជាអ្នកដឹកនាំខ្ពស់ជាងគេទទួលខុសត្រូវ
ខ៖ ចាត់ទុកជាមេគ្រួសារ អាណាព្យាបាល ដើម្បីផ្សាភ្ជាប់មនោសញ្ចាតនាជាមួយមេ និងកូនចៅ ដោយយកគំរូតាមសមាគមមិត្តនគរបាល
គ៖ ពង្រឹងរបៀបរបបការងារ ត្រូវបែងចែក ប្រជុំ សំដៅពង្រឹងសាមគ្គី
ឃ៖ ពង្រឹងការងារប្រចាំបញ្ជា ដោយធ្វើឲ្យស្មើភាពគ្នា
*ទី២៖ ពង្រឹងតួនាទីសេនាធិការគ្រប់ជ្រុងជ្រោយជូនគណៈបញ្ជាការឯកភាព
*ទី៣៖ ពង្រឹងអធិការនគរបាលក្រុង ស្រុក ឲ្យរឹងមាំ
*ទី៤៖ ពង្រឹងគុណភាព សមត្ថភាពកងកម្លាំង តែមិនត្រូវភ្លេចគុណធម៌ វិន័យ ពាក្យសម្ដី។ អ្នកដែលត្រូវការប្រែទី១៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាល និងទី២៖ កម្លាំងសមត្ថកិច្ចដែលនៅតាមដងផ្លូវ នគរបាលចរាចរណ៍ សណ្ដាប់ធ្នាប់ ដោយត្រូវប្រើប្រាស់សម្ដី អាប្បកិរិយាឲ្យបានត្រឹមត្រូវ។
*ទី៥៖ កត្ដាជោគជ័យ គឺសាមគ្គីភាពថ្នាក់ដឹកនាំ សាមគ្គីភាពកងកម្លាំង សាមគ្គីភាពអង្គភាពពាក់ព័ន្ធ។
*ទី៦៖ ការបំភ្លឺព័ត៌មាន ត្រូវធ្វើឲ្យរហ័ស និងទាន់សភាពការណ៍។ ស្នងការខេត្ត ត្រូវរៀបចំក្រុមតាមដានព័ត៌មានតាមបណ្ដាញសង្គម និងបណ្ដាសារព័ត៌មាន។
ជាចុងក្រោយ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានអំពាវនាវដល់លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ត្រូវជួយដឹកនាំ និងពង្រឹងការងារគ្រប់គ្រងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សំដៅបំពេញការងារប្រកបដោយជោគជ័យ៕
Post a Comment