ម៉ាល់ឌីវ មានផ្ទៃដីត្រឹមតែ ៣០០គីឡូម៉ែត្រ និងប្រជាជនកន្លះលាននាក់ប៉ុណ្ណោះ តែជាប្រទេសពោរពេញដោយសក្ដានុពល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ធ្វើដំណើរទៅដល់សាធារណរដ្ឋម៉ាល់ឌីវ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ម្សិលមិញប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ាល់ឌីវនាពេលនេះ នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ ខាងក្រោមគឺជាប្រវត្តិត្រួសៗរបស់ម៉ាល់ឌីវ ដែលយើងនឹងជំរាបជូន៖ម៉ាល់ឌីវ ដែលមានផ្ទៃដីត្រឹមតែ ៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ បានទទួលឯករាជ្យពីចក្រភពអង់គ្លេស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៦៥។ ប្រទេសនេះស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដោយមានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសស្រីលង្ការ និងឥណ្ឌា និងមានប្រជាពលរដ្ឋត្រឹមតែជាងកន្លះលាននាក់តែប៉ុណ្ណោះ ភាគច្រើនជាមូស្លីម ខណៈដែលពុទ្ធសាសនាក៏ធ្លាប់មានប្រវត្តិមកដល់ដែនកោះនេះផងដែរ។
ម៉ាល់ឌីវតូច ប្រជាជនតិច ប៉ុន្តែអត្រាផលិតផលនៅក្នុងស្រុកសរុបរបស់ប្រទេសនេះ គឺមានរហូតដល់ទៅ ១១,៣៨ ពាន់លានដុល្លារ ពោលគឺលំដាប់ទី១៦២ នៅលើពិភពលោក តែប្រសិនបើនិយាយអំពីអត្រាផលិតផលនៅក្នុងស្រុកសរុបសម្រាប់ពលរដ្ឋម្នាក់ៗគឺ ២៩ ០០០ ដុល្លារ នៅក្នុងមួយឆ្នាំ ពោលគឺលំដាប់ទី ៦២ នៅលើពិភពលោក។
ម៉ាល់ឌីវ ជាប្រទេសដែលប្រកាន់យករបបប្រធានាធិបតីអាស្រ័យរដ្ឋធម្មនុញ្ញ ដោយប្រធានាធិបតី ជាប្រមុខរដ្ឋផង ជាប្រមុខរដ្ឋាភិបាលផង។ នៅមុនឆ្នាំ១៩៧០ សេដ្ឋកិច្ចសំខាន់របស់ប្រទេសនេះគឺកសិកម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះគឺទេសចរណ៍ ដោយវិស័យនេះ គឺជាប្រភពចំបងនៃអត្រាផលិតផលសរុបរបស់ប្រទេសដល់ទៅ ២៨ ភាគរយ ប៉ុន្តែចំណូលរបស់រដ្ឋាភិបាល ពោលគឺដល់ទៅ ៩០ ភាគរយ គឺបានមកពីពន្ធទាក់ទងនឹងវិស័យទេសចរណ៍ និងការនាំចេញនាំចូល។
នេសាទ និងវារីវប្បកម្មក៏ជាប្រភពចំបងនៃអត្រាផលិតផលសរុបរបស់ប្រទេសកោះមួយនេះផងដែរ។ វិស័យនេះ ជាប្រភពចំណូលដែលរួមវិភាគទានដល់អត្រាផលិតផលនៅក្នុងស្រុកសរុបប្រមាណជា ១៥ ភាគរយ ហើយវិស័យនេះបានផ្តល់ការងារធ្វើដល់ពលរដ្ឋប្រមាណជា ៣០ ភាគរយ។
កម្ពុជា និងម៉ាល់ឌីវ បានបង្កើតចំណងការទូតជាមួយគ្នាតាំងតែពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំប្រទេសនៅឡើយទេ ដូច្នេះក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែមករា ខាងមុខ៕
Post a Comment