ឯកឧត្តម ស សុខា អញ្ជើញចែកអំណោយ និងពិសាអាហារសាមគ្គីជាមួយនិវត្តន៍ជន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមនឹងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តន៍ជន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន ៤៤២នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនដល់និវត្តន៍ ដែលអញ្ជើញចូលរួមទាំង ៤៤២នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ចំនួន ៥០គីឡូក្រាម ភួយ ចំនួន ១ សារុង ចំនួន ១ ក្រមា ចំនួន ១ មី ចំនួន ១កេស និងថវិកា ចំនួន ៥ម៉ឺនរៀលផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា នាពេលខាងមុខនេះ ប្រទេសកម្ពុជា មានព្រឹត្តិការណ៍ធំសំខាន់ ២ ដែលត្រូវរៀបចំឡើងជាបន្តបន្ទាប់គ្នា ។ ព្រឹត្តិការណ៍សំខាន់ទី១ គឺព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅមិនដល់ ១០០ថ្ងៃទៀតទេ ។ ក្នុងនោះប្រជាពលរដ្ឋខ្មែរ បានចាប់ផ្តើមយុទ្ធនាការជាតិ រាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការស៊ីហ្គេម កាលពីថ្ងៃទី២៥ ខែមករា កន្លងមកនេះ។ ចំណែកឯព្រឹត្តិការណ៍សំខាន់ទី២ គឺព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលតាមប្រតិទិននឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
ឯកឧត្តម ស សុខា បានបន្តថា ខ្ញុំជំនឿជឿជាក់ថា នៅពេលដែលមានព្រឹត្តិការណ៍ធំៗយ៉ាងដូច្នេះ កងកម្លាំងនគរបាលទាំងអស់ ប្រាកដជាមមាញឹកនិងត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដងថែមទៀត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទាំងនៅមុន និងក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍។
ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បា ស្នើទៅកាន់លោកស្នងការនគរបាលខេត្តព្រៃវែង និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឲ្យបន្តយកចិត្តទុកដាក់ចំពោះចំណុចមួយចំនួនដូចខាងក្រោម ៖
១. បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីឲ្យពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿចិត្តមកលើកងកម្លាំងនគរបាល ដោយត្រូវធានាអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង ៧ចំណុច ។
២. បន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ដូចជា ៖ សេវាអត្រានុកូលដ្ឋាន សេវាធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជាដើម ជាពិសេសផ្តល់ជូនស្មើ
ភាពគ្នា ទោះពលរដ្ឋនោះមាននិន្នាការនយោបាយគាំទ្របក្សណាក៏ដោយ ។
៣. បន្តស្មារតីសាមគ្គីភាព បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពវិន័យរបស់កងកម្លាំងនគរបាល និងត្រូវប្តេជ្ញាចិត្តការពាររដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន ក៏ដូចជានៅពេលអនាគត។
៤. ចំពោះនិវត្តន៍ជនទាំងអស់ ដែលបានអញ្ជើញចូលរួម សូមមេត្តាបង្កើនការយកចិត្តទុកដាក់ថែរក្សា ការពារសុខភាព និងតាមដានកូនចៅរបស់ខ្លួន ដើម្បីឲ្យប្រាកដថា ពួកគេបានទៅសិក្សារៀនសូត្រ និងចៀសឆ្ងាយពីអំពើអបាយមុខទាំងឡាយ ពិសេសគ្រឿងញៀន៕
Post a Comment