លោក ដូណាល់ ត្រាំ នឹងត្រូវអនុញ្ញាតឱ្យប្រើកម្មវិធី Facebook និង Instagram វិញ
លោក ដូណាល់ ត្រាំ (Donald Trump) នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រើប្រាស់កម្មវិធី Facebook និង Instagram វិញ បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមេតា (Meta) បានប្រកាសថា ខ្លួននឹងបញ្ចប់ការព្យួរគណនីរបស់លោកក្នុងរយៈពេលពីរឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក នីក ខ្លេក (Nick Clegg) ប្រធានផ្នែកកិច្ចការពិភពលោករបស់ក្រុមហ៊ុនមេតា បានឱ្យដឹងថា ការផ្អាកនេះនឹងបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក ខ្លេក បានលើកឡើងថា ក្រោយធ្វើការត្រួតពិនិត្យឡើងវិញ ក្រុមហ៊ុនបានរកឃើញថា គណនីរបស់លោក ត្រាំ លែងតំណាងឱ្យហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈទៀតហើយ។ យ៉ាងណាមិញ ដោយសារតែការបំពានកន្លងមករបស់លោក ត្រាំ លោកនឹងប្រឈមមុខនឹងការពិន័យកាន់តែម៉ឺងម៉ាត់ជាងមុន ក្នុងករណីដែលលោកប្រព្រឹត្តល្មើសម្ដងទៀត។
គណបក្សសាធារណរដ្ឋបាន និងកំពុងដាក់សម្ពាធឱ្យលោក ត្រាំ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ចូលទៅលើកមកម្មវិធី Facebook វិញ ខណៈដែលលោកកំពុងត្រៀមខ្លួនឈរឈ្មោះជាប្រធានាធិបតីម្ដងទៀតនៅឆ្នាំក្រោយនេះ។
ជុំវិញបញ្ហានេះ លោក ត្រាំ បានបង្ហោះសារនៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន ដែលមានឈ្មោះថា Truth Social ជាការឆ្លើយតបដោយនិយាយថា កម្មវិធី Facebook បានបាត់បង់ចំណួលរាប់ពាន់លានដុល្លារ បន្ទាប់ពីហាមឃាត់ប្រធានាធិបតីដែលទទួលបានសំឡេងគាំទ្រច្រើន ពោលគឺរូបលោកផ្ទាល់។ លោកបន្តថា៖ «រឿងបែបនេះមិនគួរកើតឡើងម្ដងទៀត ចំពោះប្រធានាធិបតីដែលកំពុងកាន់តំណែង ឬបុគ្គលទាំងឡាយណាផ្សេងទៀត ដែលមិនសមនឹងទទួលរងនូវការហាមឃាត់ទាំងនេះឡើយ!»។
ព័ត៌មាននៃផ្អាកការហាមឃាត់ទៅលើលោក ត្រាំ ត្រូវបានរិះគន់យ៉ាងឆាប់រហ័សដោយគណបក្សប្រជាធិបតេយ្យ និងអង្គការសកម្មជនមួយចំនួន ដែលបានសម្តែងការព្រួយបារម្ភថា លោកអាចនឹងប្រើប្រាស់វេទិកានេះម្ដងទៀត ដើម្បីអះអាងដោយបំផ្លៃម្ដងទៀតថា លោកបានឈ្នះការបោះឆ្នោតឆ្នាំ២០២០។ តួយ៉ាង លោក អាដាម ស៊ីវ (Adam Schiff) តំណាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានលើកឡើងថា៖ «លោក ត្រាំ ធ្លាប់បានញុះញង់ឱ្យមានការបះបោរ ដូច្នេះហើយ ការអនុញ្ញាតឱ្យលោកចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើងវិញដើម្បីផ្សព្វផ្សាយការភូតកុហក និងការបង្ខូចកេរ្តិ៍ឈ្មោះ គឺមានគ្រោះថ្នាក់ខ្លាំងបំផុត»។
ន្ទែមលើនេះ លោក ឌឺរិច ចនសុន (Derrick Johnson) ប្រធាន NAACP ដែលជាអង្គការសិទ្ធិស៊ីវិលបានប្រាប់សារព័ត៌មាន Associated Press ថាលោកមើលឃើញថា ការសម្រេចចិត្តនេះជាកំហុសដ៏ធ្ងន់ធ្ងរ ដែលជាឧទាហរណ៍សំខាន់នៃការគិតគូរពីប្រាក់ចំណេញ ជាជាងសុវត្ថិភាពរបស់មនុស្សជាតិ។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលមនុស្សម្នាក់អាចបញ្ឆេះការស្អប់ខ្ពើម ការឃុបឃិតគ្នា និងញុះញង់រហូតបង្កឱ្យមានការបះបោរដោយហិង្សា នៅអគារកាពីតូលរបស់ប្រទេសយើង ហើយលោក Mark Zuckerberg នៅតែជឿជាក់ថា ទង្វើទាំងនោះមិនទាន់ជាហេតុផលគ្រប់គ្រាន់ ក្នុងការដកបុគ្គលនោះចេញពីវេទិការបស់ខ្លួន»។
គួរបញ្ជាក់ថា អតីតប្រធានអាម៉េរិក លោក ត្រាំ ត្រូវបានព្យួរឈ្មោះដោយគ្មានកាលបរិច្ឆេទកំណត់ពីកម្មវិធី Facebook និង Instagram បន្ទាប់ពីលោកបានកើតសរសើរដល់ហ្វូងបាតុករ ដែលបានចូលរួមក្នុងអំពើហិង្សានៅអគារកាពីតូលរបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ លើសពីនោះ កម្មវិធី Twitter ក៏បានហាមប្រាមអតីតប្រធានាធិបតីរូបនេះផងដែរ ដោយអះអាងថា លោកបានបំពានច្បាប់លើការលើកតម្កើងអំពើហិង្សា។ ប៉ុន្តែកាលពីខែវិច្ឆិកា ម្ចាស់ក្រុមហ៊ុន Twitter លោក អេឡុន ម៉ាស (Elon Musk) បាននិយាយថា ការហាមឃាត់គណនីរបស់លោក ត្រាំ ត្រូវបានដកចេញ បន្ទាប់ពីដំណើរការស្ទង់មតិក្នុងចំណោមអ្នកប្រើប្រាស់កម្មវិធីនេះផ្ទាល់៕
Post a Comment