តើតំបន់ការពារធម្មជាតិចែកជាប៉ុន្មានតំបន់? តើពលរដ្ឋអាចកាន់កាប់ដីក្នុងតំបន់នេះបានដែរទេ?
ប្រទេសកម្ពុជា ពោរពេញដោយធនធានធម្មជាតិយ៉ាងសំបូរបែបទាំងលើគោក ក្នុងទឹក និងក្រោមដី។ ធនធានធម្មជាតិទាំងនេះ ត្រូវបានការពារដោយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលបានក្លាយជាតំបន់ការពារធម្មជាតិ។
សារណៈជនទាំងអស់ គួរមានការយល់ដឹង និងចូលរួមការពារ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ទាំងនេះ គួរយល់ពីអ្វីខ្លះ ដែលច្បាប់បានកំណត់ ចៀសវាងការប្រើប្រាស់ខុស ឬមានការរំលោភបំពានលើតំបន់នោះ។
បើតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានកំណត់ឱ្យដឹងថា តំបន់ការពារធម្មជាតិ សំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។
តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជា ៨ ប្រភេទ រួមមាន ១/ តំបន់ឧទ្យានជាតិ ២/ តំបន់ដែនជម្រកសត្វព្រៃ ៣/ តំបន់ការពារទេសភាព ៤/ តំបន់ប្រើប្រាស់ច្រើនយ៉ាង ៥/ តំបន់រ៉ាមសារ ៦/ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល ៧/ តំបន់បេតិកភណ្ឌធម្មជាតិ ៨/ តំបន់ឧទ្យានជាតិសមុទ្រ។
តំបន់ការពារធម្មជាតិនីមួយៗ បែងចែកចេញជា ០៤តំបន់គ្រប់គ្រង ដូចខាងក្រោម៖
១. តំបន់ស្នូល៖ ជាតំបន់គ្រប់គ្រងដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិ ដែលកម្រិតជិតពូជ ទទួលរងគ្រោះថ្នាក់ គម្រាមកំហែង និងមានប្រព័ន្ធអេកូឡូស៊ីផុយស្រួល។
២. តំបន់អភិរក្ស៖ ជាតំបន់គ្រប់គ្រងស្ថិតនៅជាប់នឹងតំបន់ស្នូល ដែលមានតម្លៃខាងការអភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេឡូស៊ី តំបន់ទីជម្រាល និងតំបន់ដែលមានលក្ខណៈទេសភាពធម្មជាតិ។
៣. តំបន់ប្រើប្រាស់ដោយចីរភាព៖ ជាតំបន់គ្រប់គ្រងដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការគ្រប់គ្រង ការអភិរក្សតំបន់ការពារធម្មជាតិផ្ទាល់ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច។
៤. តំបន់សហគមន៍៖ ជាតំបន់គ្រប់គ្រងបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់សហគមន៍ និងជនជាតិដើមភាគតិច ដែលមានលំនៅដ្ឋាន ស្រែ និងចំការ។
តើដី ឬអចលនវត្ថុផ្សេងទៀតក្នុងតំបន់ទាំងអស់ខាងលើនេះ ប្រជាពលរដ្ឋអាចមានសិទ្ធិជាម្ចាស់បានទេ?
ក្នុងចំណោមតំបន់ខាងលើនេះ ប្រជាពលរដ្ឋ មានសិទ្ធកាន់កាប់ និងប្រើប្រាស់ដី តែក្នុងតំបន់សហគមន៍ប៉ុណ្ណោះ តាមរយៈប័ណ្ណដីធ្លី ដែលមានការបញ្ជាក់ការយល់ព្រមជាមុនពីក្រសួងបរិស្ថាន។ ជាក់ស្ដែង នៅលើប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) នឹងមានការបញ្ជាក់ពីប្រភេទកម្មសិទ្ធិនេះ (កម្មសិទ្ធិសហគមន៍ ឬសមូហភាព)។
បើតាមច្បាប់ភូមិបាល ក្នុងតំបន់នេះ ប្រជាពលរដ្ឋ មានរាល់សិទ្ធិ និងការការពារសិទ្ធិដូចកម្មសិទ្ធិឯកជនដែរ តែមិនមានសិទ្ធិចាត់ចែង (លក់ ឬដូរជាដើម) ឱ្យទៅបុគ្គល ឬក្រុមណាមួយជាដាច់ខាត នូវចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពបាននោះទេ ពីព្រោះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ដោយឡែក ចំពោះតំបន់ប្រើប្រាស់ដោយចីរភាពវិញ រដ្ឋអាចអនុញ្ញាតឱ្យមានការអភិវឌ្ឍ និងការវិនិយោគនៅតំបន់នេះ តាមការស្នើសុំរបស់ក្រសួងបរិស្ថាន ក្រោយពីមានការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ។
សព្វថ្ងៃនេះ យើងឃើញមានគម្រោងជាច្រើនជាពិសេសក្នុងវិស័យទេសចរណ៍ តាមតំបន់ឆ្នេរ និងកោះ ក្នុងតំបន់ការពារធម្មជាតិ ដែលរដ្ឋបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន ធ្វើការវិនិយោគ។
មួយវិញទៀត ក្រសួងបរិស្ថាន មានសិទ្ធប្រគល់ផ្នែកណាមួយនៃតំបន់ប្រើប្រាស់ដោយចីរភាពឱ្យទៅសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ដែលរស់នៅក្នុង ឬជាប់តំបន់ការពារធម្មជាតិ ដើម្បីរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិ។
សហគមន៍តំបន់ការពារធម្មជាតិ ត្រូវចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ហើយកិច្ចព្រមព្រៀងនេះ មានសុពលភាពមិនលើសពីរយៈពេល ១៥ឆ្នាំម្តង។
សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច ពុំមានសិទ្ធិកាប់គាស់ ឬ ឈូសឆាយដីព្រៃក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន និងបង្វែរធ្វើជាដីកសិកម្ម ឬធ្វើជាកម្មសិទ្ធិបុគ្គល ឬ លក់ ប្ដូរ ជួល បញ្ចាំ ធ្វើអំណោយ ប្រវាស់ បែងចែក ដោះដូរ ឬ ធ្វើការផ្ទេរតំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យទៅរូបវន្តបុគ្គល ឬ នីតិបុគ្គលណាមួយបានឡើយ។
ដូចនេះ ការចាត់ចែងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋណាមួយ ដែលផ្ទុយនឹងច្បាប់ដែលមានចែង បុគ្គល ឬក្រុមនោះ អាចប្រឈមមុខនឹងផ្លូវច្បាប់ ឬទោសទណ្ឌកម្ម ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង ៧,២លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។
Post a Comment