រកឃើញសំណល់ជាតិផ្ទុះនៅបាតទន្លេជាង​ ២ ពាន់គ្រាប់

នៅក្នុងរយៈពេលជិតមួយឆ្នាំ កងកម្លាំងបោសសំអាតមីន​បានរុករកឃើញសំណល់ជាតិផ្ទុះ បន្សល់​ទុក​ពីសង្គ្រាម​ក្នុងបាតទន្លេ នៅកោះពាមរាំង ស្ថិតក្នុងកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ប្រមាណជាង ២ ពាន់គ្រាប់ ស្មើនឹងជាង៤០តោន។


ថ្លែងនៅក្នុងវេទិកាសាធារណៈ ស្តីពីការបូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ ស្ថិតក្នុងស្រុកលើដែក ខេត្តកណ្ដាលនៅថ្ងៃទី ៧ កុម្ភៈ លោកឧត្តមសេនីយ៍ត្រី ម៉ុង សុគន្ធារ័ត្ន ប្រធាន​វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន បានឱ្យដឹងថា ប្រតិបត្តិការរុករកសំណល់ជាតិផ្ទុះ នៅកោះពាមរាំងបានចាប់ផ្ដើមអនុវត្តតាំង​ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២មក ដោយប្រើប្រាស់កម្លាំងចំនួន ៦៧នាក់ ក្នុងនោះមានកម្លាំងស៊ីម៉ាក់ អង្គភាពពិសេស ៩១១ រួមទាំងការប្រើប្រាស់សម្ភារសំខាន់ៗជាច្រើនប្រភេទ។



លោកបានបន្តថា បន្ទាប់ពីកំណត់នូវទីតាំង និងទំហំច្បាស់លាស់ ក្រុមការងារបានរកឃើញ​កាក​សំណល់​ជាតិផ្ទុះ និង​គ្រាប់​មីនចំនួនជាង ២ ៧០០ គ្រាប់ គ្រាប់មីនចំនួន ៣៦ គ្រាប់ កាំភ្លើងធុនស្រាល ២ ដើម និងរកឃើញ​បំណែក​នាវាប្រមាណជាង ៦ ៦០០គីឡូក្រាម សរុបទាំងអស់មានទម្ងន់ជាង៤០តោន។


លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រាប់ប្រជាពលរដ្ឋនៅក្នុងវេទិកានោះថា កិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេនេះ មានការគិតគូរនិងការប្រើប្រាស់សម្ភារៈបច្ចេកទេសទាន់សម័យ មានរូបភាពផែនទីច្បាស់លាស់ណាស់ ហើយការបូមខ្សាច់ដើម្បីបំរើកិច្ចបោសសម្អាតគ្រាប់មិនទាន់ផ្ទុះមានបរិមាណច្រើនតោនលិចក្រោមដីបាតទន្លេ ស្ថិតតែនៅផ្នែកខាងលើនៃក្បាលកោះ ដោយតំបន់ដីគោកគឺប្រើប្រាស់គ្រឿងចក្រកាយដីយកគ្រាប់និងលុបដីជូនប្រជាពលរដ្ឋវិញ។


លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា «កិច្ចប្រតិបត្តិការនេះ គ្មានហេតុផលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ ឬត្រូវបាក់ដីបាត់កោះពាមរាំងដែលទំហំបណ្តោយជិតប្រមាណ ៤.៥០០ ម៉ែត្រនោះទេ ព្រោះកិច្ចប្រតិបត្តិការនេះដើម្បីសេចក្តីសុខសុវត្ថិភាពប្រជាពលរដ្ឋបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ និងសង្គមជាតិ ក៏ដូចគាំទ្រការអភិវឌ្ឍនប្រទេសជាតិផងដែរ»។

គួរបញ្ជាក់ថា នៅតំបន់កោះពាមរាំងនេះ កាលពីសម័យសង្គ្រាមមាននាវាលិចទឹកទន្លេ រួមទាំងមាន​គ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានទម្លាក់ រួមទាំងធ្លាក់កប់ក្នុងបាតទន្លេ និង​បន្សល់​ទុក​ដល់​បច្ចុប្បន្ន​ជាច្រើនគ្រាប់៕


Powered by Blogger.