ផ្លូវថ្មីបាត់ដំបង-កោះកុង៖ សុខចិត្តបង្វែរទិសផ្លូវ អស់លុយ ៥៧លានដុល្លារ ក៏មិនចង់ធ្វើត្រង់ប៉ះពាល់ជម្រកសត្វព្រៃដែរ
គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែង ១៩៨គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង គឺគិតមកទល់បច្ចុប្បន្ន ការសាងសង់សម្រេចបាន ៥៦%ហើយ។ នេះបើតាមការថ្លែងបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះត្រួតពិនិត្យការសាងសង់ផ្លូវនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមបានឱ្យដឹងថា កាលដើមឡើយគម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ មានប្រវែងតែ ១៨៨គីឡូម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែទិសផ្លូវត្រូវប៉ះចំជម្រកសត្វព្រៃរស់នៅ ទើបក្រសួងបរិស្ថានស្នើសុំឱ្យបង្វែរទិសផ្លូវចេញឱ្យផុតពីតំបន់សត្វព្រៃ ហេតុនេះរាជរដ្ឋាភិបាលក៏បានសម្រេចប្តូរមុខផ្លូវនេះដោយចំណាយថវិកាបន្ថែម ៥៧លានដុល្លារ។ក្នុងដំណើរបំពេញបេសកកម្មនាឱកាសនេះ ក្រសួងក៏បានធ្វើតេស្តគុណភាពកម្រាសស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួនហើយឃើញថាក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាងណាក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបានថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។គួររម្លឹកដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨កន្លែងប្រវែង ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។ ផ្លូវនេះគ្រោងចំណាយប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត៕
Post a Comment