គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០ភាគរយ

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យបានលើកឡើងពីវឌ្ឍនភាពគម្រោង

សាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០ភាគរយ ដែលក្នុងនោះរួមមាន៖ អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ។ នេះបើយោងតាមការអះអាងរបស់ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ តាមរយៈផេកហ្វេសប៊ុកផ្លូវការ។

ឯកឧត្ដម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា បើតាមកិច្ចប្រជុំនាយកគម្រោងស្ទឹងបត់ ជាមួយគណៈប្រតិភូមកពីធនាគារពិភពលោក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ទឹងបត់ ដែលដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយគណៈប្រតិភូមកពីធនាគារពិភពលោក បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនទីប្រឹក្សាគម្រោងធ្វើបទបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាបពីព័ត៌មានសំខាន់ៗ រួមមាន ១-ប្លង់ទិដ្ឋភាពរួមនៃគម្រោងទាំងមូល ២-វិសាលភាពនៃផ្ទៃដីទីតាំងគម្រោង ៣-ទំហំការងារ ៤-លំហូរនៃការពិនិត្យយានយន្តឆ្លងដែន ៥-បែបបទសម្រាប់យានយន្តចូល និង ៦-បែបបទសម្រាប់យានយន្តចេញ។
បន្ទាប់ពីបានពិនិត្យលើបទបង្ហាញ និងវឌ្ឍនភាពការងារនានាទាក់ទងនឹងគម្រោងខាងលើ ធនាគារពិភពលោកបានលើកឡើងពីនីតិវិធី និងការសម្របសម្រួលការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់តាមព្រំដែន តាមរយៈការអនុវត្តអនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូននៅក្នុងប្រទេស និងតំបន់។
ក្នុងឱកាសនោះ ឯកឧត្ដម យិត បុណ្ណា បានពន្យល់បន្ថែមអំពីចក្ខុវិស័យនៃគម្រោងដែលក្រសួងរំពឹងថា បន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរការ តំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។
ជាមួយគ្នានេះដែរ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូអញ្ជើញមកពីធនាគារពិភពលោក (World Bank) លើកម្មវិធីគាំទ្រសម្របសម្រួលពាណិជ្ជកម្មកម្ពុជា ដើម្បីសិក្សាឈ្វេងយល់ពីប្រព័ន្ធលំហូរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ តាមរបត់ SSI (Sensitive Security Information)។
គួរម្លឹកផងដែរថា គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management PLC ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ (ឬ ៨៣៥ ២៥០ ១៦៨បាត) ក្រោមឥណទានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។ ក្រោយបើកឱ្យដំណើរការ ច្រកព្រំដែនថ្មីនេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្ម ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចររវាងប្រទេសទាំងពីរកម្ពុជា-ថៃ៕






Powered by Blogger.