សោកនាដកម្ម​! លិច​​នាវា​ដឹក​ជនអន្តោប្រវេសន៍​ជិត​អ៊ី​តា​លី​ ស្លាប់​​ជិត​៦០​នាក់

 ប្រទេស​អ៊ី​តា​លី ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​អ៊ី​​តា​លី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ ​កុម្ភៈ​ថា ជនអន្តោប្រវេសន៍​យ៉ាងតិច​៥៩​នាក់ ក្នុង​នោះ​មានកូន​ង៉ែត​ទើប​កើត​បាន​ប៉ុន្មាន​ខែ​ម្នាក់ បាន​ស្លា.ប់ នា​ព្រឹក​ថ្ងៃ​នោះ​ដោយសារ​ការ​លិច​នាវា​ដែល​ពួក​គេ​ជិះ ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង​អ៊ី​តា​លី​CROTONE តំបន់​CALABRE ភាគ​ខាងត្បូង​ប្រទេស​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អ៊ី​តា​លី​គូសបញ្ជាក់​ថា មក​ទល់​ពេល​នេះ​មនុស្ស​៨០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​នោះ​មួយ​ចំនួន អាច​ហែល​មក​ដល់​ច្រាំង​ក្រោយ​នាវា​លិច​។ សាកស.ព​មនុស្ស​៤៣​នាក់​ត្រូវ​បាន​រក​ឃើញ​តាម​បណ្ដោយ​មាត់ច្រាំង​សមុទ្រ​។ តាម​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អ៊ី​តា​លី​ថា នាវា​ដែល​លិច​នោះ​ដឹក​មនុស្ស​ប្រមាណ​ជា​១២០​នាក់ ហើយ​ត្រូវ​បែក​លិច​ពេល​ប៉ះ​ថ្ម តែ​ពួក​អ្នក​ជួយ​សង្គ្រោះ​លើក​ឡើង​ថា ក្នុង​នាវា​នេះ​មាន​មនុស្ស​ជិះ​ដល់​ទៅ​ជាង​២០០​នាក់​។
បណ្ដា​រូបភាព​ផ្សាយ​ដោយ​ប៉ូលិស​អ៊ី​តា​លី​បង្ហាញ បំណែក​ឈើ​នៃ​នាវា​នោះ​ដែល​រសាត់​មក​ជាប់​តាម​បណ្ដោយ​ឆ្នេរ​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ កន្លែង​ដែល​មាន​អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​នាក់ ព្រមទាំង​បណ្ដា​អ្នក​នៅ​រួច​រស់រាន​មានជីវិត​ដែល​រង់ចាំ​ការ​បញ្ជូន​ទៅ​កាន់​កន្លែង​ទទួល​។

ប្រមុខ​រដ្ឋាភិបាល​អ៊ី​តា​លី​ លោកស្រី​ GIORGIA MELONI ក្នុង​សេចក្ដី​ប្រកាស​មួយ​បាន​សម្ដែង​ការ​ក្ដុកក្ដួល​ចំពោះ​សោកនាដកម្ម​នេះ ដែល​ឧក្រិដ្ឋជន​បញ្ជូន​មនុស្ស​ដល់​ប្រមាណ​ជា​២០០​នាក់ ឲ្យ​ផ្សងព្រេង​កាត់​សមុទ្រ​តាម​នាវា​មួយ​មាន​ប្រវែង​ត្រឹម​២០​ម៉ែត្រ ពេល​អាកាសធាតុ​អាក្រក់​។ លោកស្រី​អះអាង​ថា​រដ្ឋាភិបាល​លោកស្រី​សន្យា​ចាត់​បណ្ដា​វិធានការ រារាំង​ការ​ចាកចេញ​ដំណើរ​របស់​ពួក​អន្តោប្រវេសន៍ ហើយ​ជាមួយ​សោកនាដកម្ម​នេះ​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​កាន់តែ​ខ្លាំង​ឡើង​របស់​បណ្ដា​ប្រទេស ដើម្បី​រាំង​ខ្ទប់​ការ​ចាកចេញ​និង​ប្រភព​នៃ​ការ​បញ្ជូន​ពួក​អន្តោប្រវេសន៍​៕



Powered by Blogger.