សមាគម​កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​ព្រឹត្តិការណ៍​នាំ​វិនិយោគ​ជប៉ុន មក​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣​នេះ

 ​ភ្នំពេញ៖ ឯកឧត្តម Takahashi Fumiaki ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន (JCA) បាន​ថ្លែងថា នៅក្នុង​ឆ្នាំ​២០២៣​នេះ សមាគម​កម្ពុជា​-​ជប៉ុន នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ ដោយ​នាំ​អ្នកវិនិយោគ​ជនជាតិ​ជប៉ុន មក​ធ្វើ​ទស្សនកិច្ច និង​សិក្សា​ពី​សក្ដានុពល​ក្នុងប្រទេស​កម្ពុជា ហើយ​ឈានទៅ​ធ្វើការ វិនិយោគ​បន្ថែមទៀត​លើ​វិស័យ​ផ្សេងៗ។

​នៅក្នុង​ជំនួប​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម Takahashi Fumiaki លើកឡើងថា ឆ្នាំនេះ​ជា​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ជប៉ុន ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សមាគម​កម្ពុជា​-​ជប៉ុន បាន​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​រៀបចំ​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​អបអរ​នូវ​ឱកាស នៃ​ការ​ប្រារព្ធ​ខួប​ ៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ។

​អតីត​ទូត​ប្រចាំ​កម្ពុជា​រូបនេះ បាន​បន្ថែមថា ទស្សនកិច្ច​នេះ​ មាន​វិនិយោគិន ដែល​កំពុងតែ​ធ្វើ​ប្រតិបត្តិ​ការវិនិយោគ​នៅ​កម្ពុជា និង​វិនិយោគិន​ជប៉ុន កំពុងតែ​ស្វែងរក​ឱកាស​ដូចជា​សក្ដានុពល ដើម្បី​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា និង​សំណូមពរ​សម្ដេច​ក្រឡាហោម ជំរុញ​ក៏ដូចជា​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ពិសេស​គឺ​ការទាក់ទាញ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ជប៉ុន ដើម្បី​មក​ធ្វើការ​វិនិយោគនៅ​កម្ពុជា​កាន់តែ​ច្រើនឡើង។


​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម បាន​សម្ដែង​នូវ​ការគាំទ្រ ចំពោះ​គោលបំណង នៃ​ការវិនិយោគ ក៏ដូចជា​ការវិនិយោគ​នៅ​កម្ពុជា ដែលមាន​ស្រាប់​ហើយ​មកនេះ និង​បានចាត់ទុក​ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា ពិតជា​មានការ​ចូលរួម​ចំណែក​គាំទ្រ ពី​សំណាក់​ភាគី​ជប៉ុន ទាំង​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ក៏ដូចជា​វិស័យ​ឯកជន​របស់​ជប៉ុន​ផងដែរ។​

​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី​ស្តីទី សង្ឃឹម​យ៉ាង​មុតមាំ​ថា សមាគម​មិត្តភាព​កម្ពុជា​-​ជប៉ុន នឹង​បន្តធ្វើ​សកម្មភាព​យ៉ាងសកម្ម​ថែមទៀត ក្នុងការ​ជំរុញ ការវិនិយោគ​ឲ្យ​កាន់តែ​ច្រើនឡើង​ពី​ប្រទេស​ជប៉ុន ក៏ដូចជា​វិនិយោគិន​ជប៉ុន មកកាន់​កម្ពុជា ទៅលើ​វិស័យ​នានា​ដែលជា​សក្ដានុពល ក៏ដូចជា​ជំរុញ និង​លើកកម្ពស់​ទេសចរ​កាន់​តែ​ច្រើន​ថែមទៀត នាំមក​កម្ពុជា​នាពេលខាងមុខ៕

Powered by Blogger.