រើស​បាន​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​មិន​ដឹងយកទៅណា ក៏​ដឹក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​​ក្នុង​វត្ត

ខេត្តបន្ទាយមានជ័យ ៖ ក្រពើ​១​ក្បាលមាន​ទម្ងន់​ជិត​៣០​គីឡូក្រាម ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​នៅ​តាម​ផ្លូវ​ ខណៈ​ត្រឡប់​មក​ពី​ទិញ​អីវ៉ា​ន់ ហើយ​ក៏​​បាន​យក​មក​ប្រគេន​ព្រះសង្ឃ​នៅ​វត្តរលំ​ជ្រៃ ស្ថិត​ក្នុងភូមិ​រលំ​ជ្រៃ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣​កន្លង​ទៅ ដើម្បី​ប្រកាស​រក​អ្នក​ដែល​​បាត់​ក្រពើ​ឲ្យ​មក​ទទួលយក​ទៅ​វិញ ។

លោក ម៉ៅ មើ​ន នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ភូមិ​ថ្មី បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពីទិញ​អីវ៉ាន់​នៅ​​ខេត្តសៀមរាប​តាម​រថយន្ត បាន​ប្រទះ​ឃើញ​ក្រពើ​១​ក្បាល​នេះ ដែល​មាន​ចំណ​ង​ចង​មាត់ និង​ខ្សែ​ចងស្លាបសេក​ជើង​មុខ ហើយ​បើ​តាម​ពិនិត្យ​មើល ​គឺ​អាច​ជា​ក្រពើ​ដែលបាន​ជ្រុះ​នៅ​លើ​ផ្លូវជាតិ​លេខ​៦​នោះ ។ ដោយ​ខ្លាច​រថយន្ត​មក​ពីក្រោយ​កិន ទើប​ពួក​គាត់​រើស​ដាក់​រថយន្ត​ដឹក​យក​មក​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​រលំ​ជ្រៃ​បែប​នេះ​ទៅ ។ ក្រពើ​១​ក្បាល​នេះ ត្រូវ​ពួក​គាត់​រើស​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុង​ទឹកដី​ខេត្តសៀមរាប ។


លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ក្រពើ​១​ក្បាល​នេះ ព្រះសង្ឃ​វត្ត​រលំ​ជ្រៃ​ក៏​ផ្សព្វផ្សាយ​តាម​បណ្តាញ​​សង្គម ដែល​ជា​គណនី​ព្រះសង្ឃ​វត្ត​រលំ​ជ្រៃ ជូនដំណឹង​ និង​ប្រកាស​រក​ម្ចាស់​ក្រពើ​ដែល​ជ្រុះ​បាត់ សូម​មក​ទទួលយក​ផង ដែល​ពេល​នេះ ​មាន​ញាតិ​ញោម​រើស​បាន​យក​មក​ប្រគេ​ន​ព្រះសង្ឃ​វត្ត​រលំ​ជ្រៃ​រក្សា​ទុក ដើម្បី​ប្រគល់​ជូន​វិញ ។


មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថ្មពួក បាន​និយាយ​ថា ក្រោយ​ពេល​ដែល​ព្រះសង្ឃ​ប្រកាស ​និង​ជូនដំណឹង​រក​ម្ចាស់​មិនឃើញ​មក​ទទួលយក ក៏​បាន​យក​មក​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យក​ទៅ​លែង តែ​មន្ត្រី​មេព្រៃ​បដិ​សេធ ព្រោះ​ក្រពើ​ធំ​ហើយ​កាច​ទៀត មិនដឹង​ថា ​តើត្រូវ​យក​ទៅ​លែង​កន្លែង​ណា​ទេ? ។ បើ​យក​ទៅ​លែង​តាម​ប្រឡាយ បឹងបួ ឬ​អូរ ខ្លាច​ប្រជាពលរដ្ឋ​ស្តីបន្ទោស ព្រោះ​ពួក​គាត់​ខ្លាច​ ទើប​មិន​ហ៊ាន​ទទួល​យក​ទៅ​លែង ។

ទោះបីជា​បែប​ណា ក្រុម​មន្ត្រី​ទទួល​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ពេល​នេះ​ក្រពើ​១​ក្បាល​នោះ ​ត្រូវ​បាន​គេ​យក​ទៅ​លែង​ហើយ តែ​មិនដឹង​ថា តើ​​លែង​នៅ​កន្លែង​ណា​នោះ​ទេ?៕


Powered by Blogger.