កាត់ទោសមេបក្សបេះដូងជាតិ ចោទពីបទ«ក្លែងបន្លំនិងប្រើប្រាសលិខិតក្លែង »
ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ជុំ សង្វា និងលោក សេង ហៀង ជាតំណាងអយ្យការ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានលើកយកសំណុំរឿង « ក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង »របស់មេបក្សបេះដូងជាតិ ឈ្មោះសៀម ភ្លុក និងមន្ត្រីរបស់គាត់ចំនួន១២នាក់ផ្សេងទៀតមកបើកសវនាការ ។
ជនជាប់ចោទទាំង១៣នាក់ដែលតុលាការកាត់ទោសនេះរួមមាន ៖
ទី១/ឈ្មោះ សៀម ភ្លុក ភេទប្រុស អាយុ ៥៣ឆ្នាំ កំពង់ឃុំខ្លួននៅពន្ធនាគារព្រៃស ។
ទី២/ឈ្មោះ ជា សុភក្ដិ ភេទស្រី ( ក្រៅឃុំ )
ទី៣/ ឈ្មោះ ឡុង ហួន ភេទប្រុស ( ក្រៅឃុំ)
ទី៤/ ឈ្មោះ ស៊ាន ភាព ភេទប្រុស ( ក្រៅឃុំ )
ទី៥/ ឈ្មោះ ឈង ហ៊ ភេទប្រុស ( ក្រៅឃុំ )
ទី៦/ ឈ្មោះ ជាប់ ឃុន ភេទប្រុស ( ក្រៅឃុំ )
ទី៧/ ឈ្មោះ រ៉េត ចាន់រតនា ភេទប្រុស ( ក្រៅឃុំ )
ទី៨/ ឈ្មោះ តូច ចឹង ភេទប្រុស ( ក្រៅឃុំ )
ទី៩/ ឈ្មោះ នូ សិទ្ធារី ភេទប្រុស ( ក្រៅឃុំ )
ទី១០/ ឈ្មោះ ភ្លី ឈុនហុង ភេទប្រុស ( ក្រៅឃុំ )
ទី១១/ ឈ្មោះ ភ្លី ម៉េងហុង ភេទប្រុស ( ក្រៅឃុំ )
ទី១២/ ឈ្មោះ ឈឹម សាវ៉ាត ភេទប្រុស ( ក្រៅឃុំ )
ទី១៣/ ឈ្មោះ ខឿន វីរ៉ាត់ ភេទប្រុស ( ក្រៅឃុំ ) ។
ជនជាប់ចោទទាំង១៣នាក់ត្រូវបានបង្គាប់អោយនាំខ្លួន និងកោះហៅអោយមកបង្ហាញខ្លួននៅក្នុងរង្វង់ក្រចកសេះ ចំពោះមុខតុលាការ និងមេធាវីការពារផ្លូវច្បាប់របស់ជនជាប់ចោទ មានលោកមេធាវី សំ សុគង់ លោកមេធាវី កែត ឃី និងលោកមេធាវី ជួង ជូងី។
លោកកែត ឃី ជាមេធាវីការពារក្ដីអោយជនជាប់ចោទបានប្រាប់អោយដឹងថា នាព្រឹកថ្ងៃទី ១៣កុម្ភៈ ឆ្នាំ២០២៣នេះ តុលាការបានសាកសួរកូនក្ដីរបស់គាត់បានចំនួន៤នាក់ហើយ បន្ទាប់មកតុលាការបានបញ្ឈប់សវនាការនៅម៉ោង១១ ហើយនឹងបន្តសវនាការទៅថ្ងៃទី ២៣កុម្ភៈ ខាងមុខ ។
សូមរំលឹកថា លោកសៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតឯកសារក្លែង នៃការបង្កើតគណបក្សបេះដូងជាតិ។
លោកសៀម ភ្លុក ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសា តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។
ក្នុងដីកាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សៀម ភ្លុក ភេទ ប្រុស កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧០ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ចៅក្រមស៊ើបសួរក៏បានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១(ម១)ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។បន្ថែមពីនេះទៅទៀតគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ ត្រូវសហការអនុវត្តឱ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាសមួយ ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកា សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា កន្លងទៅក្រសួងមហាផ្ទៃ បានរកឃើញអំពីភាពមិនប្រក្រតី ក្នុងការប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយក្នុងនោះមានដូចជាស្នាមមេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណប័ណ្ណ, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ផ្តិតលើឈ្មោះបុគ្គលដទៃ, ការក្លែងស្នាមមេដៃបុគ្គល, ស្នាមមេដៃរបស់បុគ្គលមួយចំនួន ខូចគុណភាពមិនអាចធ្វើកោសល្យវិច័យបាន និងស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងរជាដើម៕
Post a Comment