ខេត្តបន្ទាយមានជ័យ ស្នើឲ្យមានការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួនចំនួន ៤៦នាក់
បន្ទាយមានជ័យ៖ អាជ្ញាធរ តុលាការ និងពន្ធនាគារខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានបើកកិច្ចប្រជុំពិភាក្សា ពិនិត្យសំណើដើម្បីធ្វើការបន្ធូរបន្ថយ ទោសដល់ទណ្ឌិតចំនួន ៤៦នាក់ ក្នុងនោះចនួន ២៤នាក់ក្នុងឱកាសបុណ្យពិសាខបូជា និងចំនួន ២២នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយការបន្ធូរបន្ថយនេះមានរយ:ពេលចាប់ពី ៣ខែ, ៦ខែ ដល់៩ ខែ ទៅតាមលក្ខណ:សម្បត្តិវិនិច្ឆ័យនិងសមាសភាពបុគ្គលម្នាក់។
កិច្ចប្រជុំនេះដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការ ដោយមានការចូលរួមពីលោក សំរិទ្ធ សុខុន អនុប្រធានគណៈកម្មការ និងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត, លោក អ៊ុង ស៊ីផាន ឧត្តមអគ្គារនុរក្សថ្នាក់លេខ២ ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ ដែលជាអនុប្រធានគណៈកម្មកា រួមទាំង មន្ត្រីជំនាញកិច្ចការតុលាការ ពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សផង។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមអគ្គនុរក្សលេខ២ អ៊ុង ស៊ីផាន បានអានស្ថិតិបញ្ជីឈ្មោះ និងសាវតានៃទណ្ឌិតជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យ ស្នើ ហើយសុំការអនុម័តពីគណៈកម្មការ បញ្ជូនបន្ថយទោស បន្តសុំថ្វាយការសម្រេច ពីថ្នាក់លើ ក្នុងនោះមានបន្ធូរបន្ថយទោស ពី ៣ខែ, ៦ខែ ដល់៩ខែ ដល់ទណ្ឌិតចំនួន ២៤នាក់ក្នុងពិធីបុណ្យពិសាខបូជា និងចំនួន ២២នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោក ង៉ោ ម៉េងជ្រួន បានធ្វើការទទួលស្គាល់ចំពោះថ្នាក់ដឹកនាំប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឪវាទ បានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះ បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្ត គុណសម្បត្តិ និងរយៈពេលនៃការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូបន្ថយទោស ពី៣ ខែ៦ ដល់ ៩ខែផងដែរ។
លោកអភិបាលរងខេត្ត សង្ឃឹមថា ដំណើរការនេះ នឹងមិនមានអំពើពុករលួយ ភាពលំអៀង មិនបក្ខពួក ភាពមិនប្រក្រតី ឬបញ្ហាកើតឡើងឡើយ ពោលធ្វើយ៉ាងណាប្រកបដោយ ការទទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។
លោកក៏បាន ផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់។
ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើរបន្តទៀត ដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រសជាតិជាប់គុក ហើយចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅ ក្នុងសង្គមបានស្រួលផងដែរ៕
Post a Comment