រុស្ស៉ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកជាង ១០០នាក់ ក្នុងជុំថ្មី
មូស្គូ៖ អាជ្ញាធរបាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរអ្នកទោសសង្គ្រាមចំនួន ១០១នាក់ នៅក្នុងជុំថ្មីចុងក្រោយរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា យន្តហោះយោធានៃកងទ័ពអាកាសរុស្ស៊ីនឹងនាំយកទាហានដែលត្រូវបានដោះលែងទៅកាន់ទីក្រុងមូស្គូ សម្រាប់ការព្យាបាលនិងស្តារនីតិសម្បទា នៅក្នុងស្ថាប័នវេជ្ជសាស្ត្រនៃក្រសួងការពារជាតិរុស្ស៊ី។ ចំណែកឯប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អាន់ឌ្រី យេម៉ាក (Andriy Yermak) ក៏បានបង្ហោះរូបភាពទាហានជាច្រើននាក់ ដែលត្រូវបានភាគីរុស្ស៉ីដោះលែងផងដែរ ដោយភ្ជាប់នូវសារមួយថា ទាហាន ១០០នាក់ និងជនស៉ីវិលម្នាក់ បានត្រឡប់មកវិញហើយ។
គួរបញ្ជាក់ថា បើតាម លោក ហ្សេលេនស្គី ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ អ៊ុយក្រែនទទួលបានការដោះលែងបុរស និងស្ត្រីចំនួន ១,៧៦២នាក់ ពីការជាប់ឃុំឃាំងរបស់រុស្ស៊ី៕
Post a Comment