ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ។


ពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។ ក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុប ការងារ​ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រោមអធិបតីភាព​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាត ដែលមានរយៈពេលពីរថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីទទួលខុសត្រូវគ្រប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ស្នងការនគរបាល នាយករដ្ឋបាល ប្រធានពន្ធនាគាររាជធានី ខេត្ត តំណាងក្រសួង ស្ថាប័ន និងភ្ញៀវកិត្តិយសមួយចំនួនទៀត។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ៖

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកងកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះលើជំងឺកូវីដ១៩ និងឆ្លើយតបទាន់ពេលវេលាលើគ្រោះមហន្តរាយនានា គឺជាលទ្ធផលបានមកពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។

* ដោយតាមការវាយតម្លៃសភាពការណ៍របស់សម្តេចតេជោ, សម្តេចបានផ្តល់នូវគោលការណ៍ណែនាំចំនួន៩ចំណុច ដល់ក្រសួងមហាផ្ទៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងនៅមូលដ្ឋាន គឺជាកម្លាំងស្នូលក្នុងប្រតិបត្តិការជួយប្រជាពលរដ្ឋ ពេលកើតមានគ្រោះអាសន្នផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែលើកទឹកចិត្ត ឱ្យមានការផ្តល់អំណាចទៅថ្នាក់ក្រោមជាតិទាំងហិរញ្ញវត្ថុ និងអំណាច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតែងតាំងមុខតំណែងថ្មីរបស់ថ្នាក់ជាតិ ខេត្ត ស្រុក មានស្ត្រីតិចពេកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនទាន់ហួសពេល នៅពេលមានការតែងតាំងថ្មីនៅតាមស្ថាប័ន និងអង្គភាពនានា សូមឱ្យជ្រើសរើសស្ត្រីមកដាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេក្រាម ផ្តល់ព័ត៌មានបានលឿនរហ័ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេក្រាម ផ្តល់ព័ត៌មានបានល្អប្រសើរជាងហ្វេសប៊ុក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យរបស់រាជរដ្ឋាភិបាល មិនអាចកាត់ផ្តាច់ពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ស្នើថ្នាក់ជាតិ កុំឱ្យឱបក្រសោបអំណាចមិនទម្លាក់ទៅថ្នាក់ក្រោមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រទេសក្រ តែមិនបណ្តែតបណ្តោយឱ្យពលរដ្ឋកាន់តែក្រពេលជួបវិបត្តិនៃជំងឺកូវីដ១៩ទៀតនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមន្ត្រីមូលដ្ឋានថា រាជរដ្ឋាភិបាលប្រឹងប្រែងណាស់ សុំកុំបំផ្លាញការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៦៖៣០នាទី, នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ 

Powered by Blogger.