ប្រតិបត្តិការស្រង់នាវាលិចក្នុងបាតទន្លេ នៅស្រុកលើកដែក រកឃើញនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន ជាង ៣៨តោន
ខេត្តកណ្តាល៖ កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុងបាតទន្លេ នៅការដ្ឋានកោះពាមរាំង ក្នុងស្រុកលើកដែក ក្រុមការងារអន្ដរក្រសួង មានអង្គភាពស៊ីម៉ាក់ និងចូលរួមពីកម្លាំងរបស់អង្គភាពទ័ពពិសេស បានចាប់ផ្តើមកិច្ចប្រតិបត្តិការចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយមានតែម៉ាស៊ីនបូមខ្សាច់អ៊ូតូច បានរកឃើញនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន សរុបមានទម្ងន់ ៣៨,៥៦៧ គីឡូក្រាម ក្នុងនោះ រួមមាន៖ មីន ចំនួន ៣៦គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២,៦៧១គ្រាប់ និងកាំភ្លើងធុនស្រាល ចំនួន ០២ដើម បំណែកដែកទំងន់ ៦,៦១៣គីឡូក្រាម។
របាយការណ៍បូកសរុបនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងពិធីជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ (ការដ្ឋានទី១ កោះពាមរាំង) ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង។
ថ្លែងក្នុងពិធីនោះ លោកនាយឧត្តមសេនីយ៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ និងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស និងបានផ្តាំផ្ញើ ត្រូវគោរពម៉ឺងម៉ាត់នូវបទបញ្ជា មានវិន័យ សាមគ្គីភាពល្អ និងខិតខំ យកចិត្ដទុកដាក់បំពេញការងារនេះ ប្រកបដោយឆន្ទៈមោះមុត តាមជំនាញអោយបានត្រឹមត្រូវ និងសម្រេចជោគជ័យជូនជាតិមាតុភូមិ។
សូមជម្រាបថា ចំពោះកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេនេះ ក្រុមការងារអន្តរក្រសួង ដែលមានអង្គភាពស៊ីម៉ាក់ និងបញ្ជាការដ្ឋានទ័ពពិសេស ជាអ្នកអនុវត្ត មានផែនការបោសសម្អាតផ្ទៃដី ដែលបានកំណត់នូវទំហំប្រមាណជាង ៣០០ហិកតា ហើយក្នុងទំហំប្រមាណជាង ៣០០ហិកតានេះ យើងបានបែងចែកជាបី(៣)ផ្នែក គឺផ្នែកទី១ ជាតំបន់ដីគោក ផ្នែកទី២ ជាតំបន់ ដែលមានហានិភ័យទាប ផ្នែកទី៣ ជាតំបន់ ដែលមានហានិភ័យខ្ពស់ ដែលនឹងប្រើរយៈពេល ១៨ខែ ក្នុងកិច្ចប្រតិបត្តិការនេះ៕
Post a Comment