ព្រះពុទ្ធបាទខាងស្តាំ មានទម្ងន់ ៣តោន ត្រូវបានតាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

 ព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោន បន្ទាប់ពីបានធ្វើការជួសជុលរួចត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាឈ្វេងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឱ្យបានយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិងព្រឹត្តិការណ៍ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅ ក្នុងតំបន់អង្គរ។ 


ការដាក់តាំងបង្ហាញនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំង ពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន។

លោក គុន ផល្លី ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គុទេសក៍នៅ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦ នៃគ្រិស្តសករាជមកម៉្លេះ ដោយមានទម្ងន់ប្រមាណជា៣តោន បណ្តោយ២,១០ម៉ែត្រ ទទឹង ១,១៥ម៉ែត្រ និងមានកម្ពស់ ៣១សង់ទីម៉ែត្រ និងមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹកមាសតាំងពីពេលកសាងមកម៉្លេះ។


លោក គុន ផល្លី បានឱ្យដឹងទៀតថា តាមការសិក្សាស្រាវជ្រាវ តាំងពីអតីតកាល ពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥។ លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់នេះ ត្រូវបានក្រុម អភិរក្សយកទៅរក្សាទុក និងជួសជុលនៅក្នុងអភិរក្សដ្ឋានអង្គរ។ ក្រោយមកលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទៅទស្សនានៅអភិរក្សអង្គរឃើញថា ពុទ្ធបាទនេះ បានជួសជុលរួចរាល់ហើយ ទើបលោកជំទាវណែនាំឱ្យ ក្រុមអភិរក្ស យកវត្ថុនេះទៅដាក់តាំងបង្ហាញដល់សាធារណជន ដើម្បីបានទស្សនា សិក្សាឈ្វេងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេស ពុទ្ធបដិមាសម័យក្រោយអង្គរ។

គួរបញ្ជាក់ផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនេះ បានបើកឱ្យភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នា ទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ហើយការទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ ក្រៅតែពីបាន ទស្សនាព្រះពុទ្ធបាទ ភ្ញៀវក៏អាចទស្សនាវត្ថុសិល្បៈជាច្រើនរាប់រយប្រភេទផ្សេងទៀត ដែល បានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណជនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

https://www.information.gov.kh/articles/98015

Powered by Blogger.