ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍន៍អាស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងនឹងការដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជា

ក្រសួងយុត្ដិធម៌បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តន៍ច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា។ ក្នុងពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី Jyotsana Varma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម កើត រិទ្ធ បានថ្លែងថា ការរៀបចំដាក់ឱ្យដំណើរការតុលាការ ពាណិជ្ជកម្មមួយដែលមានតម្លាភាព គុណភាព និងភាពត្រឹមត្រូវ សំដៅលើកកម្ពស់ជំនឿទុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាកាសល្អសម្រាប់ការវិនិយោគនៅកម្ពុជា គឺជាអាទិភាពការងារ និងជាការប្តេជ្ញាចិត្តខ្ពស់មួយរបស់ក្រសួងយុត្តិធម៌។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដរាបណាតុលាការពាណិជ្ជកម្មមិនអាចធានាបាននូវតម្លាភាព គុណភាព និងភាពត្រឹមត្រូវនេះទេ តុលាការនេះនឹងមិនត្រូវបានដាក់ឱ្យដំណើរការនោះទេ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ក្រោមជំនួយបច្ចេកទេសរបស់ ADB និងដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួងយុត្តិធម៌ ក្រសួងយុត្តិធម៌សង្ឃឹមថា នឹងទទួលបាននូវសេចក្តីព្រាងច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម ដែលមាននីតិវិធីច្បាស់លាស់និងឆាប់រហ័ស មានតម្លាភាព និងផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត ដើម្បីបង្កើនជំនឿទុកចិត្តលើការកាត់ក្តីវិវាទពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណដល់ ADB ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងយុត្តិធម៌ លើការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម និង ការពង្រឹងសមត្ថភាពដល់ចៅក្រមកម្ពុជាពាក់ព័ន្ធនឹងច្បាប់ និង នីតិវិធីក្នុងវិស័យពាណិជ្ជកម្ម ដែលនេះជាតម្រូវការចាំបាច់ចំពោះមុខរបស់ក្រសួងយុត្តិធម៌។

សូមជម្រាបជូនថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ADB បង្ហាញពីការគាំទ្រ និងការចូលរួមរបស់ ADB លើការរៀបចំក្របខណ្ឌគតិយុត្តមួយ ដើម្បីធានាឱ្យមានតុលាការពាណិជ្ជកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្ត នៅកម្ពុជា ស្របតាមគោលបំណង និងចក្ខុវិស័យរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាការចូលរួមលើកកម្ពស់សមត្ថភាពរបស់ចៅក្រមពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម ផងដែរ៕





Powered by Blogger.