មន្រ្តីជំនាញ៖ ការឆ្លងជំងឺផ្តាសាយបក្សីនៅខេត្តព្រៃវែង កំពុងស្ថិតក្រោមការគ្រប់គ្រងបានហើយ

 បច្ចុប្បន្នភាពជំងឺផ្តាសាយបក្សីនៅខេត្តព្រៃវែង​ ថ្ងៃទី២៧​ ខែកុម្ភ:​ ឆ្នាំ២០២៣៖

​ភ្នំពេញ៖ គិតមកដល់ពេលនេះ ស្ថានភាពជំងឺផ្តាសាយបក្សីនៅមូលដ្ឋានស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កំពុងស្ថិតក្រោមការគ្រប់គ្រងបានហើយ មិនមែនការឆ្លងទៅតំបន់ផ្សេងទៀតនោះទេ។ នេះបើតាមប្រសាសន៍មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល។

​មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា តំបន់ដែលឆ្លងជំងឺផ្ដាសាយបក្សី ក្នុងមូលដ្ឋានស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានមន្ដ្រីជំនាញសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គ្រប់គ្រងបានទាំងស្រុងហើយ មិនមានឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀតនោះទេ។

សម្រាប់អ្នកជំងឺផ្ដា សាយបក្សីដែលជាឪពុករបស់កុមារីស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺផ្តាសាយបក្សីនេះ រហូតមកដល់ពេលនេះ តាមរយៈលទ្ធផលបញ្ជាក់របស់មន្ទីរពិសោធន៍ បានឲ្យដឹងថា គាត់អវិជ្ជមានជំងឺនេះវិញហើយ ប៉ុន្ដែ ក្រុមគ្រូពេទ្យជំនាញបានឲ្យអ្នកជំងឺទទួលទានថ្នាំឲ្យគ្រប់ចំនួនកំណត់ និងបន្ដតាមដានសុខភាពប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។

ក្រៅពីនេះ លោកជំទាវវេជ្ជបណ្ឌិតបន្ដអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដយក ចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ពីការឆ្លងរីករាលដាលជំងឺផ្ដាសាយបក្សីប្រភេទH5N1 ព្រោះជំងឺនេះ ក្នុងករណីឆ្លងចូលក្នុងរាង្គកាយហើយនោះ គឺការវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ និងឈានទៅមរណភាព ខ្លាំងជាងជំងឺកូវីដ១៩ទៅទៀត។

ក្រសួងសុខាភិបាល បានរកឃើញជំងឺផ្តាសាយបក្សីមួយករណី នៅខេត្តព្រៃវែង កើតលើកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលបានស្លាប់ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ បន្ទាប់ពីរកឃើញករណីកើតមានជំងឺផ្តាសាយបក្សីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការអង្កេតស្រាវជ្រាវរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស ព្រមទាំងចាត់វិធានការផ្សេងៗទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត និងសហគមន៍៕ 







Powered by Blogger.