ការសម្ដែង​សិល្បៈ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ ទទួលបាន​ការគាំទ្រ​ជាខ្លាំង

សិង្ហបុរី៖ ការសម្ដែង​ទម្រង់​សិល្បៈ​របស់​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​កោតសរសើរ​ជាច្រើន​ពី​ទស្សនិកជន និង​ក្រុមការងារ​ដែល​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។ នេះ​ជាការ​លើក​ឡើង​របស់​សិល្បករ​-សិល្បការិនី ក៏ដូចជា​គ្រូដឹកនាំ​ដែល​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផ្ទាល់​។ ​

​ផ្ទាំង​ទស្សនីយភាព​របស់​ខ្មែរ​ដែល​នាំយកទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ នៅ​ប្រទេស​សិង្ហ​បុរីទទួល​បាន​ជោគ​ជ័យ​ត្រចះត្រចង់​។ នេះ​ជាការ​លើកឡើង​របស់​ក្រុម​សិល្បករ ក៏ដូចជា​គ្រូ​ដឹកនាំ​ដែល​មាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ​ដោយ​ផ្ទាល់។ ​ពួកគេ​បាន​លើក​ឡើង​ពី​ភាពជោគជ័យ ដោយសារតែ​ការសម្ដែង​ទស្សនីយភាព​ក្រោម​ប្រធានបទ "​ក្ដីសង្ឃឹម​របស់​យើង​" របស់​កម្ពុជា ទទួល​បាន​ការ​កោត​សរសើរ​ជាច្រើន​។ អ្នក​រៀបចំ​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ បាន​កោត​សរសើរ​ពី​ការសម្ដែង​របស់​កម្ពុជា ថែមទាំង​ចាត់ទុកជា​គំរូ​ថែម​ទៀត​ផង។ រីឯ​ទស្សនិកជន​មាន​ការ​សាទរ ទះដៃ​ជាច្រើន​ចំពោះ​ការ​សម្ដែង​របស់​កម្ពុជា និង​មានការ​កោត​សរសើរ​ពី​សិល្បករ​មកពី​បណ្ដា​ប្រទេស​ដទៃ​ផង​ដែរ​។ ភាព​ជោគ​ជ័យ​នេះ​ផ្តល់នូវ​កម្លាំង​ចិត្តជា​ខ្លាំង​ចំពោះ​សិល្បករ សិល្បការិនី​កម្ពុជា​។​


​ទស្សនីយភាព​សិល្បៈ​ដែល​កម្ពុជា​សម្ដែង​ក្នុង​ព្រឹត្តិការណ៍ ឈី​ង​ហ្កេ ធ្វើឡើង​ក្រោម​ប្រធានបទ "ក្តី សង្ឃឹម​របស់​យើង (Our Hope)"។ ការសម្ដែង "ក្តីសង្ឃឹម​របស់​យើង (Our Hopes) ជា​ការ​រួមបញ្ចូល​គ្នា នូវ​របាំ​បុរាណ របាំ​សហ​សម័យ ក្បាច់​ផ្ការំដួល និង​សៀក នឹង​បង្ហាញ​ក្តី​សង្ឃឹម និង​ភាព​សុខដុម​របស់​ប្រជាជាតិ​ខ្មែរ ក៏ដូចជា​ភាព​ស្រស់​ត្រកាល​ក្នុង​ការ​រស់នៅ​ប្រទេស​ដែល​មាន​សុខសន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។​ ​ឈី​ង​ហ្គេ គឺជា​ក្បួន​ព្យុហយាត្រា​សិល្បៈ​សម្ដែង​ដ៏​ធំ​មួយ​នៅ​អាស៊ី ដែល​ត្រូវបាន​រៀបចំឡើង​រៀងរាល់ឆ្នាំ​ដោយ​សមាគម​ប្រជាជន​នៃ​ប្រទេស​សិង្ហ​បុរី។ ឆ្នាំនេះ​ព្រឹត្តិការណ៍​នេះ​បាន​វិល​ត្រឡប់​មក​ជាថ្មី ដែល​មាន​អ្នក​សិល្បៈ​ជាតិ និង​អន្តរជាតិ​ចូលរួមដើម្បី​បង្ហាញ​ពី​សិល្បៈ វប្បធម៌នៃ​ជាតិ​សាសន៍​រៀង​ៗ​ខ្លួន​៕ ​


Powered by Blogger.