សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម ហ្វាម មិញ ជីញ នាយករដ្ឋមន្ត្រីវៀតណាម

នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម ហ្វាម មិញ ជីញ នាយករដ្ឋមន្ត្រីវៀតណាម។

ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម បានសម្ដែងការអបអរសាទរចំពោះកម្ពុជាដែលសម្រេចជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩, ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥, ការរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ និងបានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ជាការឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកម្ពុជាចំនួន៤៩អដ្ឋិធាតុ ពីវៀតណាមមកកាន់កម្ពុជាវិញ ប្រកបដោយជោគជ័យ។

នៅក្នុងឱកាសនេះ ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលមានឆន្ទៈគាំទ្រដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាពេលខាងមុខ៕ 






Powered by Blogger.