ទន្លេស្ងួត រស់ឡើងវិញ ក្រោយគោកទឹកអស់ជាច្រើនសតវត្សរ៍
ខេត្តសៀមរាប ៖ ទន្លេស្ងួត ជាស្រះបុរាណមួយ ដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ៤០០ម៉ែត្រ ពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួចជាមន្ទីរពេទ្យសម័យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៤ផ្សេងទៀត ដែលតាំងនៅជុំវិញក្រុងអង្គរធំឡើងក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ទន្លេស្ងួត មានបណ្តោយប្រវែង៨០០ម៉ែត្រ និងទទឹងប្រវែង៤០០ម៉ែត្រ ដែលបានខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវស្សរ៍មកហើយនោះ ហើយដោយសារមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ទើបតែបានបញ្ចប់ការស្តារ ជួសជុលទំនប់ ដែលធ្លុះធ្លាយ សាងសង់ទ្វារបញ្ចេញ-បញ្ចូលទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណរបស់សម័យអង្គរ ទន្លេស្ងួតនេះ ដែលអាចស្តុកទឹកពេញជាអចិន្ត្រៃយ៍ឡើងវិញ បានប្រមាណ ៧៥ម៉ឺនម៉ែត្រគូប ។
ការស្ដារ និងរៀបចំប្រព័ន្ធធារាសាស្ត្រ នៅតំបន់ទន្លេស្ងួត ឲ្យដំណើរឡើងវិញនេះ គឺធ្វើទៅតាមគម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានច្រើនស្កេកស្កះ នៅក្នុងតំបន់អង្គរ ប្រយោជន៍ ដើម្បីការពារតំបន់អង្គរ និងក្រុងសៀមរាបទាំងមូល មិនឲ្យមានការលិចលង់ ដោយជំនន់ទឹកភ្លៀង នៅរដូវវស្សាផង ហើយក៏ជាការរក្សាទឹកទុកនៅតាមស្រះបុរាណនានា កសិន្ធុបារាយណ៍ ព្រមទាំងប្រឡាយផង សម្រាប់ជួយទ្រទ្រង់ដល់ប្រាសាទ ព្រមទាំងជាការជួយលើកតម្លៃទេសភាពវប្បធម៌ ក៏ដូចជាការជួយឲ្យប្រជាពលរដ្ឋ មានទឹកប្រើប្រាស់ជាប្រចាំថ្ងៃផង ៕
Post a Comment