រោងចក្រទឹកស្អាតបាក់ខែងសម្រេចបាន ៩០% ខណៈរដ្ឋកំពុងខួងដាក់បំពង់ទឹកដ៏ធំក្រោមបាតទន្លេសាប
គម្រោងសាងសង់រោងចក្រទឹកស្អាតដ៏ធំមួយនៅបាក់ខែង សម្រេចបាន ៩០ភាគរយហើយ ខណៈរដ្ឋកំពុងបើកការដ្ឋានខួងដាក់បំពង់មេនាំទឹកស្អាតទំហំ២ម៉ែត្រ ក្រោមបាតទន្លេសាប។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមឡុង ណារ៉ូ បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពអាចផលិតទឹកស្អាតសរុបបាន ៣៩០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចការសាងសង់បាន ៩០ភាគរយហើយ។
ឯកឧត្តមបន្តថា ក្រោយរោងចក្រនេះបើកដំណើរការ យើងរំពឹងថាសមត្ថភាពផលិតទឹកបន្ថែមនេះនឹងគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការបច្ចុប្បន្នក្នុងរាជធានីភ្នំពេញ ដែលកំពុងតែប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ប្រមាណជា ២០០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅរដូវប្រាំង ។
ដោយឡែក ចំពោះគម្រោងខួងដាក់បំពង់មេដ៏ធំ សម្រាប់នាំទឹកក្រោមបាតទន្លេសាប គឺមានអង្កត់ផ្ចិត រហូតដល់២ម៉ែត្រ និងបណ្តោយ ៥៥០ម៉ែត្រ ដែលគម្រោងនេះនឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាននៅកម្ពុជា។
ជាងនេះទៀត បំពង់មេនាំទឹកនេះ ក៏នឹងជួយឱ្យរោងចក្រផលិតទឹកស្អាតបាក់ខែងអាចបង្កើនសមត្ថភាពផលិតទឹកបានជិតពីរដងនៅរាជធានីភ្នំពេញ ពោលគឺចាប់ពី ០,៦ ទៅ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
គួរបញ្ជាក់ដែរថា រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី១នេះម្រេចការសាងសង់បាន៩០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣ ខណៈរោងចក្រដំណាក់កាលទី២ គ្រោងនឹងបញ្ចប់ដំណើរការសងសង់ នាត្រីមាសទី១ឆ្នាំ២០២៤ ខាងមុខនេះ៕
Post a Comment