ក្បាលដី​ពលរដ្ឋ​ចំនួន​៣,៣៩៧ ត្រូវ​បាន​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​លើ​ការ​ចុះបញ្ជី​ដីធ្លី

 ខេត្តបន្ទាយមានជ័យ ៖ ក្បាលដី​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពន្លៃ ឃុំ​ភ្នំ​ដី សរុប​ចំនួន​៣,៣៩៧​ក្បាលដី ត្រូវ​បាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​លើ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន ក្រោម​អធិបតីភាព​លោក លី សារី អភិបាលរង​ខេត្ត តំណាង​ឱ្យ​ឯកឧត្តម អ៊ុំ រាត្រី អភិ​បាល​ខេត្តបន្ទាយមានជ័យ និង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក រ៉ូ បូ​រ៉ា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ លោក ហី រី​ហាំ​ង អភិបាលរង​ស្រុក​ភ្នំស្រុក និង​លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ កងកម្លាំង​ទាំង​០៣ និង​ប្រជាពលរដ្ឋ នា​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​វត្ត​ពោធិ​ក្រៅ​ពន្លៃ​។

លោក រ៉ូ បូ​រ៉ា អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍​អំពី​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​មាន​៥​ដំណាក់កាល រួម​មាន ៖

១-​ត្រៀម​រៀបចំ គឺជា​ការ​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការ​បង្កើត​គណៈកម្មការ​រដ្ឋបាល​ការ​ជូនដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ​ពី​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។

២-​ប្រតិបត្តិការ​បច្ចេកទេស គឺជា​ការ​ចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ​ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។

៣-​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​មាន​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​រយៈពេល ១៥​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់​ដី នឹង​អ្នក​ដែល​ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ​ស្ថានភាព​គ្រួសារ និង​ក្បាលដី​របស់​ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុង​ករណី​មានការ​ខុសឆ្គង​។

៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ​របាយ​ណ៍​ពី​លទ្ធផល នៃ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​របស់​គណៈ​កម្ម​ធិ​ការ​រដ្ឋបាល​ជូន​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការ​ផ្ដល់​សិទ្ធិ​ចំពោះ​ក្បាលដី​ណា​ដែល​មិន​មាន​ទំនាស់​។

៥-​ចុះបញ្ជី​ចេញ​ប័ណ្ណ និង​ចែក​បាន​ជូន​ម្ចាស់​ដី​។

ជាមួយ​គ្នា​នោះ លោក​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្ត ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ពិ​និ​ត្រ​មើល​ការ​បិទ​ឯកសារ នៃ​ការ​វិនិច្ឆ័យ​ដីធ្លី​ដែល​មាន​រយៈពេល​១៥ (​គិត​ចាប់ពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣) គឺ​រាប់​ប​ញ្ជូ​ល​ទាំង​ថ្ងៃ​ឈប់​សម្រាក​ផង​ដែរ​។ ដើម្បី​មាន​លទ្ធភាព​អោយ​ម្ចាស់​ដី និង​អ្នក​ពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាលដី​របស់​ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុង​ករណី​មានការ​ខុសឆ្គង បើ​ក្នុង​ករណី​ផុត​រយៈពេល​កំណត់​នៅ​ការ​បិទ​ផ្សាយ បងប្អូន​ប្រជាពលរដ្ឋ​មិន​អាច​ជំទាស់​តវ៉ា​បាន​ទៀត​ឡើយ​។

ថ្លែង​ក្នុង​ឱកាស​នោះ លោក លី សារី អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ដោយ​បញ្ជាក់​ថា ប័ណ្ណកម្មសិទ្ធិ​គឺ​មាន​ផលប្រយោជន៍​ជា​ច្រើន​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដូច​ជា ៖ ធានា​នូវ​សិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ ឬ​ការ​កាន់កាប់​ដីធ្លី អាច​យក​ទៅ​ប្រើប្រាស់​ជា​របស់​ធានា​នៃ​ការ​ខ្ចីប្រាក់ ជា​ឯកសារ​សំអាង​នៅ​ពេល​មាន​ជម្លោះដីធ្លី ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ចំពោះ​ការ​ផ្ទេរ​អចលនវត្ថុ និង​អាច​បង្កើន​តម្លៃ​ដី​កាន់តែ​បាន​ថ្លៃ ព្រោះ​ទីផ្សារ​ដី​ប្រកបដោយ​ទំនុកចិត្ត​។

ជាមួយ​គ្នា​នោះ លោក លី សារី បាន​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​នា​ពេល​នេះ ពេល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ សូម​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ពី​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​លើ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឱ្យ​បានដឹង និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ទីរ​ដែល​បាន​អនុវត្ត​តាម​នីតិវិធី​ឲ្យ​បាន​គ្រប់​ៗ​គ្នា​៕







Powered by Blogger.