មន្ទីរបញ្ចកោណ សារភាពថាយោធាអាមេរិក បរាជ័យក្នុងការចាប់សញ្ញាបាឡុងចិន ចំនួន៣លើក ក្នុងអាណត្តិលោក ដូណាល់ ត្រាំ

វ៉ាស៊ីនតោន៖ ឧត្តមសេនីយ៍កងទ័ពអាកាសអាមេរិកម្នាក់ដែលទទួលបន្ទុកបាញ់ទម្លាក់បាឡុងចិន បានទម្លាយឱ្យដឹងពី «កម្សោយ» របស់យោធាអាមេរិកដែលបរាជ័យ ក្នុងការចាប់សញ្ញា ដោយបណ្ដោយឱ្យបាឡុងរបស់ចិន ដែលមន្ទីរបញ្ចកោណចោទថាជាបាឡុងស៊ើបការណ៍ ហោះឆ្លងកាត់សហរដ្ឋអាមេរិកដល់ទៅ ៣លើក នៅជំនាន់ដឹកនាំដោយរដ្ឋបាល អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ការលើកឡើងខាងលើរបស់លោកឧត្ដមសេនីយ៍ គ្លែន វ៉ាន់ហឺគ (Glen VanHerck) ជាមេបញ្ជាការនៃទីបញ្ជាការការពារដែនអាកាសភូមិភាគខាងជើងសហរដ្ឋអាមេរិក និងតំបន់អាមេរិកខាងជើង (NORAD) កើតមានឡើងបន្ទាប់ពីមន្ទីរបញ្ចកោណកាលពីចុងសប្ដាហ៍កន្លងទៅ បានសារភាពថាបាឡុងរបស់ចិនធ្លាប់បានហោះក្នុងរយៈពេលខ្លីក្នុង ដែនអាកាសអាមេរិក ចំនួន៣លើក អំឡុងអាណត្តិរបស់លោក ដូណាល់ ត្រាំ និងមួយលើកនៅពេលចាប់ផ្ដើមអាណត្តិរបស់លោក ចូ បៃដិន ដោយមិនមានការចាត់វិធានការឆ្លើយតប នោះឡើយ។


លោក គ្លែន វ៉ាន់ហឺគ បានគូសបញ្ជាក់ដូច្នេះថា
 «ជារៀងរាល់ថ្ងៃ ក្នុងនាមជាមេបញ្ជាការ NORAD វាជាទំនួលខុសត្រូវរបស់ខ្ញុំ ក្នុងការចាប់សញ្ញាគំរាមកំហែងទាំងឡាយមកលើតំបន់ អាមេរិកខាងជើង។ ខ្ញុំចង់ប្រាប់អ្នកថាយើងចាប់មិនបានសញ្ញានៃការគំរាមកំហែងទាំងនោះទេ ហើយនេះគឺជាភាពកម្សោយដែលធ្វើឱ្យបរាជ័យក្នុងការដោះស្រាយបញ្ហា»។ ប៉ុន្តែ ឧត្ដមសេនីយ៍រូបនេះមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា​ យោធាអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ (ម៉ោងនៅអាមេរិក) បានបាញ់ទម្លាក់បាឡុងមួយដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាបាឡុងចារកម្មរបស់ចិន ក្រោយស្ទាក់ស្ទើរ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។ បាឡុងចិនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ដែល បាញ់ចេញពី យន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ ខណៈបន្តធ្វើប្រតិបត្តិការនៅក្នុងដែនទឹកនៃ មហាសមុទ្រអាត្លង់ទិក ដើម្បីប្រមូលកម្ទេចកម្ទីនៃបាឡុងនេះ៕

Powered by Blogger.