រដ្ឋប្រកាសបង្កើតភូមិថ្មីចំនួន៣០ ដោយបំបែកចេញពីភូមិចាស់ក្នុងខេត្តកំពង់ចាម
ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើតភូមិថ្មីចំនួន ៣០ បន្ថែមទៀតនៅក្នុងខេត្តកំពង់ចាម ដោយបំបែកចេញពីភូមិមួយចំនួន នៅក្នុងក្រុងកំពង់ចាម និងស្រុកចំនួន៥ គឺស្រុកកោះសូទិន ស្រុកកងមាស ស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម។
សេចក្តីប្រកាសនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែទើបតែចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ក្នុងនោះ ក្រុងកំពង់ចាម នឹងមានភូមិថ្មីចំនួន២ បន្ថែមទៀត គឺភូមិបឹងកុកទី៣ ដោយបំបែកចេញពីភូមិបឹងកុកទី២ នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម និងភូមិទី៦ «ក» ដោយបំបែកចេញពីភូមិទី៦ នៃសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ស្រុកកោះសូទិន នឹងមានភូមិថ្មីចំនួន១ គឺ ភូមិទី១៥ ដោយបំបែកចេញពីភូមិទី១៣ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ស្រុកកងមាស នឹងមានភូមិថ្មីចំនួន៨ បន្ថែមទៀត គឺភូមិបឹងត្រាវត្បូង និងភូមិបឹងត្រាវជើង ដែលបំបែកចេញពីភូមិបឹងត្រាវ នៃឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ភូមិព្រែកគ្រួសកើត និង ភូមិព្រែកគ្រួសលិច ដែលបំបែកចេញពីភូមិព្រែកគ្រួស នៃឃុំសូរគង ស្រុកកងមាស។
ភូមិទួលបីទី១ និងភូមិទួលបីទី២ ដែលបំបែកចេញពីភូមិទួលបី នៃឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ ភូមិពោធិ៍មានជ័យ ដោយបំបែកចេញពីភូមិរាយប៉ាយលើ។ ភូមិរាយប៉ាយកណ្តាល ត្រូវបានបង្កើតដោយបំបែកចេញពីភូមិរាយប៉ាយក្រោម នៃឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
ស្រុកបាធាយ នឹងមានភូមិថ្មីចំនួន៩ បន្ថែមទៀត គឺភូមិភ្នំវិហារ ដោយបំបែកចេញពីភូមិបឹងវែង នៃឃុំតាំងក្រសាំង ស្រុកបាធាយ។ ភូមិស្រះតាប៉ែន ដោយបំបែកចេញពីភូមិជើងព្រៃ នៃឃុំជើងព្រៃ ស្រុកបាធាយ។ ភូមិត្រពាំងចក ដោយបំបែកចេញពីភូមិកប៉ាល់ នៃឃុំសណ្ដែក ស្រុកបាធាយ។ ភូមិបន្ទាយចាស់ ដោយបំបែកចេញពីភូមិពោធិស្ទៀង នៃឃុំសណ្ដែក ស្រុកបាធាយ។
ភូមិកកោះ ដោយបំបែកចេញពីភូមិស្វាយព្រៃ នៃឃុំសណ្ដែក ស្រុកបាធាយ។ ភូមិជុំម្សៅ ដោយបំបែកចេញពីភូមិតាំងជ្រៃ នៃឃុំសណ្តែក ស្រុកបាធាយ។ ភូមិតាពន់ និងភូមិត្រពាំងថ្លា ដោយបំបែកចេញពីភូមិសំបូរ នៃឃុំសំបូរ ស្រុកបាធាយ។ ភូមិផ្សារផ្អាវ ដោយបំបែកចេញពីភូមិផ្អាវ នៃឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
សម្រាប់ស្រុកស្ទឹងត្រង់ នឹងមានភូមិថ្មីចំនួន៨ គឺភូមិល្វា១ និងភូមិល្វា២ ដែលបំបែកចេញពីភូមិល្វា នៃឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។ ភូមិបែកអន្លូង១ និងភូមិបែកអន្លូង២ ដោយបំបែកចេញពីភូមិបែកអន្លូង នៃឃុំអារក្សត្នោត។ ភូមិព្រែកបាក់១ និងភូមិព្រែកបាក់២ ដោយបំបែកចេញពីភូមិព្រែកបាក់ នៃឃុំព្រែកបាក់។ ភូមិបឹងដែង១ និងភូមិបឹងដែង២ ដោយបំបែកចេញពីភូមិបឹងដែង នៃឃុំព្រែកកក់។
ដោយឡែក នៅស្រុកកំពង់សៀម ក៏នឹងមានភូមិថ្មីចំនួន២ បន្ថែមទៀតផងដែរ គឺភូមិសណ្តាន់ និងភូមិនគរបាជ័យដោយបំបែកចេញពីភូមិអំពិលលើ នៃឃុំអំពិល ស្រុកកំពង់សៀម។
កន្លងមក ក្រសួងក៏បានប្រកាសបង្កើតភូមិថ្មីចំនួន ២៩ បន្ថែមទៀតនៅស្រុកស្នួល ខេត្តក្រចេះ និងភូមិថ្មីចំនួន ១៥ ស្ថិតក្នុងក្រុង ស្រុកមួយចំនួនទៀតនៅខេត្តពោធិ៍សាត់ផងដែរ៕
Post a Comment