ឯកឧត្តម ហ៊ុន ម៉ាណែត អនុវត្តគោលការណ៍៣ ដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗ នៅក្នុងអង្គភាព

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​បានលើកឡើងជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន​ចំពោះការវាយ​តម្លៃ​ដើម្បីប្រគល់តួនាទី​ និងភារកិច្ចនីមួយៗ​នៅក្នុងអង្គភាព​ គឺត្រូវឈរលើមូលដ្ឋាននៃគោលការណ៍ ៣ ដែលជាកាតាលីករជួយជំរុញឱ្យការ​ចម្រាញ់​ធនធាន​មនុស្សកាន់តែ​មានប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិភាព។

ឯកឧត្ដម បានថ្លែងបែបនេះ ពេលធ្វើជាអធិបតីពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ​ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្ដម បានថ្លែងថា ជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួនចំពោះការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗនៅក្នុងអង្គភាព គឺត្រូវឈរលើមូលដ្ឋាននៃគោលការណ៍ចំនួន ៣ រួមមាន ទី១ គោលការណ៍យុត្តិធម៌៖ សំដៅទៅលើការផ្តល់អាទិភាពដល់អ្នកដែលមានឆន្ទៈ, សមត្ថភាព, ភាពជាអ្នកដឹកនាំ, ការទទួលខុសត្រូវ, អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់, ចំណេះដឹង, បទពិសោធន៍, សីលធម៌, សុខភាព, ភាពតស៊ូ អំណត់ព្យាយាម, ក៏ដូចជាលទ្ធភាពនៃការ​ជំរុញនិរន្តរភាព​ការងារក្នុងអង្គភាពជាដើម ។ល។

ទី២. គោលការណ៍តម្លាភាព៖ សំដៅលើការគោរពមតិយោបល់ជាសមូហភាព និងតាមឋានានុក្រម ដើម្បីធានាបានការឯកភាព​ និងលទ្ធផលដែលទទួលបានការសំយោគគ្រប់ជ្រុងជ្រោយ និងពី​គ្រប់ជាន់ថ្នាក់ និងទី៣. គោលការណ៍​តម្កល់ផលប្រយោជន៍អង្គភាពជាធំ៖ សំដៅធ្វើយ៉ាង​ណា​ឱ្យ​រាល់ការប្រគល់តួនាទីក្នុងករណីនីមួយៗ ​អាចរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ប្រសិទ្ធភាពការ​ងារ​ខ្ពស់​ និងការលើកតម្កើងកិត្យានុភាពសមូហភាព។

ឯកឧត្ដម បញ្ជាក់ថា ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ​ដែលបានធ្វើឡើង គឺជា​ការសម្រេចដោយឈរលើការពិនិត្យ ​និងវាយតម្លៃ ក៏ដូចជា​ការពិគ្រោះយោ​បល់យ៉ាង​ល្អិតល្អន់​របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទតាមឋានានុក្រមច្បាស់លាស់ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព៕





Powered by Blogger.