រុស្ស៊ី កំពុងត្រៀមធ្វើសង្រ្គាមអាកាសទ្រង់ទ្រាយធំ ខណៈសង្រ្គាមនៅលើដីកាន់តែធ្ងន់ទៅៗ

មូស្គូ៖ រុស្ស៉ី ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមធ្វើសង្រ្គាមតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយ ដើម្បីបំបែកភាពជាប់គាំងនៅឯសមរភូមិ ខណៈព័ត៌មានស៊ើបការណ៍សម្ងាត់ របស់អង្គការ NATO បានឱ្យដឹងថាទីក្រុងមូស្គូបានប្រមូលផ្ដុំយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងនៅក្បែរតំបន់ព្រំដែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមក្រុមមន្ត្រីអង្គការ NATO នៅថ្ងៃអង្គារសប្ដាហ៍នេះ ការដាក់ពង្រាយយន្ដហោះចម្បាំងរបស់រុស្ស៉ីបានបង្ហាញកាន់តែច្បាស់ពីភាពចាំបាច់នៃការបញ្ជូនប្រព័ន្ធមីស៊ីល ការពារដែនអាកាសបន្ថែមឱ្យបានលឿនតាមដែលអាចធ្វើទៅបាន សម្រាប់អ៊ុយក្រែន នៅចំពោះមុខការបង្កើនការធ្វើសង្រ្គាមពីសំណាក់រុស្ស៉ីនៅមុនថ្ងៃខួបមួយឆ្នាំនៃសង្រ្គាម ចូលមកនៅប៉ុន្មានថ្ងៃខាងមុខនទៀតនេះ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ក៏បានទទួលស្គាល់ដែរថាប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន នាពេលបច្ចុប្បន្ន គឺមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ ស្របពេលរុស្ស៉ីមានកងកម្លាំងកងទ័ពអាកាសយ៉ាងសម្បើម។ លោកបន្ថែមថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោក ខាងលិច ត្រូវតែជួយឱ្យអ៊ុយក្រែនមានសមត្ថភាពការពារខ្លួនឯង បើទោះជាក្នុងករណីកងទ័ពអាកាសរុស្ស៉ីចូលរួមពេញទំហឹងនៅក្នុងសង្រ្គាមក៏ដោយ។

ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា នៅពេលត្រូវបានសាកសួរថាតើសម្ព័ន្ធមិត្តលោកខាងលិចបានពិភាក្សាពីការបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែនរួចរាល់ហើយ ដែរឬក៏យ៉ាងណា លោក អូស្ទីនបានឆ្លើយថាលោកមិនទាន់អាចនិយាយអ្វីទេក្នុងពេលនេះ។

គួរបញ្ជាក់ថា​ ព័ត៌មានថារុស្ស៉ីកំពុងត្រៀមធ្វើសង្រ្គាមតាមផ្លូវអាកាសនៅអ៊ុយក្រែន ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Financial Times ដោយផ្អែកលើប្រភពពី មន្ត្រីលោកខាងលិច២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែលអះអាងថារុស្ស៉ីបានប្រមូលផ្ដុំយន្ដហោះចម្បាំងនៅក្បែរព្រំដែនអ៊ុយក្រែន៕






Powered by Blogger.