ផ្លូវជាតិលេខ៥ ពង្រីកដល់ ៤គន្លងពិតមែន តែមានក្រុមហ៊ុន១ ចង់ធ្វើផ្លូវល្បឿនលឿន ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត ថែមទៀត
ទោះបីជាផ្លូវជាតិលេខ៥ ត្រូវបានពង្រីកដល់ ៤គន្លង និងសាងសង់ជិតរួចរាល់អស់ទាំងស្រុងក៏ដោយ ប៉ុន្តែមានក្រុមហ៊ុនមួយនៅតែបង្ហាញមហិច្ឆតាចង់ធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែតទៀតផង។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងទៅកាន់អ្នកកាសែតក្នុងពេលចុះពិនិត្យការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា មានក្រុមហ៊ុនមួយដែលឯកឧត្តមមិនបានបញ្ចេញឈ្មោះ ចង់សិក្សាធ្វើផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាត់ដំបង រហូតដល់ប៉ោយប៉ែត ជាប្រភេទ BOT បើទោះបីជាផ្លូវជាតិលេខ៥ ត្រូវបានពង្រីកដល់ ៤គន្លងទៅហើយក្តី។
បើតាមការលើកឡើងរបស់ឯកឧត្តម ថ្វីបើផ្លូវជាតិលេខ៥ ពង្រីកធំជាងមុនមែន ក៏ប៉ុន្តែការបើកបរនឹងនៅតែយឺតយ៉ាវ និងចំណាយពេលយូរ ព្រោះនៅមានសត្វឆ្លងកាត់ជាដើម ដែលអាចបង្កគ្រោះថ្នាក់ផងដែរ។ «យើងផ្តល់ជម្រើសដល់ប្រជាពលរដ្ឋយើង។ លោកចង់លឿន យើងទៅផ្លូវល្បឿនលឿន ជិះធម្មតា តាមផ្លូវជាតិលេខ៥»។
សូមជម្រាបថា កម្ពុជាបាននឹងកំពុងទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគលើផ្លូវល្បឿនលឿនជាបន្តបន្ទាប់ បន្ទាប់ពីការបើកដំណើរការផ្លូវល្បឿនលឿនទីមួយពីភ្នំពេញ ទៅក្រុងព្រះសីហនុ។ នៅពាក់កណ្តាលឆ្នាំ ២០២៣ខាងមុខនេះ ក៏នឹងមានការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គ្រោងនឹងបញ្ចប់ការសិក្សានៅក្នុងខែកញ្ញាខាងមុខ៕
Post a Comment