តំបន់អេកូទេសចរណ៍២ នៅកម្ពុជាទទួលបានពានស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន
សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជា បានទទួលពានរង្វាន់ «ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន» រួមមាន សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។ យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈថា ការទទួលបានពានរង្វាន់នេះបានធ្វើឡើងនៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នាទីក្រុងយុក្យាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានទីតាំងស្ថិតនៅឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦។
ភ្ញៀវទេសចរអាចបោះតង់សម្រាកកម្សាន្ត ជិះទូកតាមដងទន្លេ ជិះទូកកាយ៉ាក់ ងូតលេងនឹងទឹកទន្លេ ការជិះកង់ ជិះម៉ូតូ ដើរក្នុងព្រៃសហគមន៍ ស្ទួចត្រី បង់សំណាញ់ ទស្សនាថ្ងៃរៀបលិច ជីកចង្រិតជាដើម។ ចំណែក សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ មានទីតាំងនៅលើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានផ្ទៃដី ប្រមាណ៣៦៥ហិកតា មានចម្ងាយជាង៨០គីឡូម៉ែត្រពីក្រុងសៀមរាប។
តាមការវាយតម្លៃនេះបានជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ កសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន បង្កើនផលិតផលទេសចរណ៍ថ្មីៗ កែលម្អផលិតផលទេសចរណ៍ ដែលមានស្រាប់ ព្រមទាំងទទួលបានការពេញនិយមច្រើនពីសំណាក់ភ្ញៀវទេសចរ។ នេះបើយោងតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍។ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការទទួលជ័យលាភីរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន២០២៣ បញ្ជាក់ថា កម្ពុជាមានផលិតផល និងគោលដៅទេសចរណ៍ទាក់ទាញច្រើន ប្រកបដោយភាពងាយស្រួល កក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ខណៈចលនាទេសចរណ៍ក្នុងស្រុកកំពុងបន្តងើបឡើង ដែលជាសញ្ញាណមួយផ្តល់នូវទំនុកចិត្ត និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើន។
វេទិកាទេសចរណ៍អាស៊ាន២០២៣ បានផ្តល់ពានរង្វាន់ចំនួន១៥៨។ ក្នុងនោះ កម្ពុជាទទួលជ័យលាភីនិងពានរង្វាន់សរុបចំនួន១៧ រួមមាន រង្វាន់ផ្ទះស្នាក់ស្តង់ដាអាស៊ាន ចំនួន៥ រង្វាន់សហគមន៍ទេសចរណ៍ស្តង់ដាអាស៊ាន ចំនួន៣ រង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដាអាស៊ាន ចំនួន៥ និងរង្វាន់សេវាស្ប៉ាស្តង់ដាអាស៊ាន ចំនួន៤។
Post a Comment