សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាដើរយឺតជាងកូរ៉េខាងត្បូង ដោយសារកំហុស​ថ្នាក់ដឹកនាំសម្រេចចិត្ដធ្វើរដ្ឋប្រហារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អះអាងថា កាលពីសម័យមុន កម្ពុជាបានដើរលឿនជាងប្រទេសកូរ៉េខាងត្បូង​ប៉ុន្តែ​ដោយ​សារ​ថ្នាក់ដឹកនាំសម្រេចធ្វើរដ្ឋប្រហារទើបធ្វើឱ្យកម្ពុជាមាន​ការអភិវឌ្ឍដើរយឺត​ជាង​កូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះ។ ការអះអាងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុង​ពិធីប្រគល់​សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី​នៃ​វិទ្យា​ស្ថាន​ជាតិ​បណ្តុះបណ្តាលបច្ចេកទេស (NTTI) សរុប ចំនួន ៥ ៤៥០ នាក់ ដែលធ្វើឡើង​នៅ​មណ្ឌល​សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «កាគិតគូរផ្នែកបច្ចេក នៅក្នុង​ប្រទេស​កម្ពុជាមិនមែនជានៅក្នុងពេលក្រោយនេះទេ គឺមានតាំងពីសម័យដឹកនាំ​របស់​ព្រះ​បរតនកោដ្ឋ សីហនុ មកម៉្លេះ ពោលគឺនៅក្នុងទសវត្សរ៍៥០ បានបង្កើតបច្ចេកវិទ្យា គឺ​វិទ្យា​ស្ថានបច្ចេកវិទ្យាកម្ពុជា សព្វថ្ងៃនេះរួចហើយ ហើយពេលនោះមាន​ឈ្មោះវិទ្យា​ស្ថាន​ព្រះ​កុសមៈ ដែលសំដៅដល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសនេះឯង»។ សម្តេចតេជោឱ្យ​ដឹង​ថា តាមរយៈឯកសារវីដេអូនានា អ្នកបច្ចេកទេសក៏មានការកើនឡើង​នៅក្នុង​ដំណាក់​នោះ ក៏ប៉ុន្តែសង្គ្រាមបានបំផ្លាញនូវការរីកលូតលាស់ខាងបច្ចេកទេស រហូត ដល់របប​ប៉ុលពត បានបំផ្លាញខ្ទេចតែម្តង។
​សម្តេចតេជោគូសបញ្ជាក់ថា៖ «ចំណុចនេះ យើងចោទសួរថា តើបើសិនប្រទេស កម្ពុជា​​យើង​មិនកើតសង្គ្រាមនៅឆ្នាំ១៩៧០ សួរថាតើប្រទេសយើង​បានដើរដល់ណា​ហើយ។ នៅក្នុងពេលនោះកម្ពុជាមានប្រាក់ចំណូលជាង២០០ដុល្លារ ក្នុងមួយនាក់ ក្នុង​ពេលដែល កូរ៉េខាងត្បូង មានតែ១៧៨ដុល្លារទេ។ ដូច្នេះ កម្ពុជាលឿនជាង​កូរ៉េខាងត្បូង​ទៀត ប៉ុន្តែឥឡូវនេះ កូរ៉េខាងត្បូង គេដើរលឿនទៅឆ្ងាយជាងយើងឆ្ងាយទៅហើយ ឯង​យើង​នៅក្រោយ»។
សម្ដេចតេជោសង្កត់ធ្ងន់ថា ចំណុចដែលកម្ពុជាដើរយឺតជាង​ប្រទេស កូរ៉េខាងត្បូង មកដល់សព្វថ្ងៃនេះ គឺចំណុចនេះដោយសារកំហុសមេដឹកនាំសម្រេចចិត្ត ធ្វើរដ្ឋប្រហារ បន្ទាប់ទៅគឺរបប ប៉ុល ពត ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ឥឡូវវិល មក​វិញ​គឺក្រោយ ថ្ងៃរំដោះយើងបានរៀបចំ ឱ្យមានការបណ្តុះបណ្តាល ក៏ប៉ុន្តែការបណ្តុះ បណ្តាលរបស់យើងទៅមុខមិនរួច ដោយសារទីផ្សារ» ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា កាលពីឆ្នាំ១៩៩៦​ កម្ពុជាក៏មានការ​បណ្តុះបណ្តាលបច្ចេកទេស ហើយក៏មានការបណ្តុះបណ្តាលផងដែរ។​សម្តេចតេជោបាន​បន្ដថា ការបណ្តុះបណ្តាលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​គឺធ្វើនៅពេល​សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ធ្វើជាប្រធានរដ្ឋសភា ហើយក៏ចំថ្ងៃការរៀបការកូន​សម្តេចផងដែរ។
សម្តេចតេជោបានរម្លឹកផងដែរថា កាលពីដើមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅ​ក្នុង​ក្រសួងអប់រំយុវជន និងកីឡា ប៉ុន្តែដោយសារក្រសួងអប់រំមានការពិបាកគ្របដណ្តប់នៅ​ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ ។





Powered by Blogger.