លោកម្ចាស់គ្រូ ពិន សែម ៖ ទុក្ខធ្ងន់បំផុតរបស់ស្ត្រីមាន៥យ៉ាង ដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹង
រាជធានីភ្នំពេញ ៖ មិនថា មនុស្សប្រុស ឬស្រីទេ តែងតែមានទុក្ខមកជាមួយជានិច្ច គ្រាន់តែថា ទុក្ខនោះមានតិច និងច្រើនតែប៉ុណ្ណោះ ស្រេចទៅតាមកម្ម។
បើតាមសង្ឃដីការបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកា បានឱ្យដឹងថា ជាទូទៅមនុស្សស្រី គឺមានទុក្ខច្រើនជាងបុរស ដោយក្នុងនោះទុក្ខធ្ងន់បំផុតរបស់ស្ត្រីមាន៥យ៉ាងដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹង។
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកា ៖ ទុក្ខលើសកលលោកទូទៅមាន៤ គឺកើត ចាស់ ឈឺ ស្លា.ប់ ទូទៅទាំងស្រីទាំងប្រុស តែស្ត្រីមាន៥ទៀត ត្រួតទៅលើទុក្ខបួននេះបន្ថែមទៀត អ៊ីចឹងរហូតដល់៩ កើតលើស្ត្រីដែលអ្នកទាំងអស់គ្នាអត់ដែលដឹងទេ។
ជាក់ស្តែង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ បានសម្តែងទេសនា នៅលើផេកហ្វេសប៊ុកដែលមានឈ្មោះថា« ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ»ដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកាបន្ថែមថា ទុក្ខដែលធ្ងន់បំផុតរបស់ស្ត្រីមាន៥យ៉ាង គឺ -ទី១ ទុក្ខរបស់ស្ត្រី គឺរោគប្រចាំខែ -ទី២ គឺទុក្ខពរពោះកូន ៨ទៅ៩ខែ -ទី៣ ទុក្ខប្រសូត្របុត្រ ឈឺពោះ ឈឺចុកចាប់ពេញខ្លួន ស្ទើចង់ស្លា.ប់ -ទុក្ខទី៤ ទុក្ខបម្រើប្តី -ទុក្ខទី៥ បែកចេញពីម៉ែឪម្តាយទៅតាមប្តី លះបង់ម៉ែឪជាទីស្រលាញ់របស់ខ្លួន។
បន្ថែមពីនេះទៀត ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដីកាបន្តថា ទុក្ខធ្ងន់របស់ស្ត្រីទាំង៥នេះ ព្រះពុទ្ធសម្តែងផ្ទាល់ឲ្យមនុស្សទូទៅដឹង ជាពិសេសនោះ គឺឲ្យមនុស្សប្រុសហ្នឹងឯងដឹង ឲ្យមានមេត្តាកុរណា ស្រលាញ់អាណិតដល់ស្ត្រីជាភរិយារបស់ខ្លួន ក៏ដូចជា ស្ត្រីទូទៅលើសកលលោក។
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ បានមានសង្ឃដីកាបន្ថែមថា បើយើងមានបញ្ហាឃើញច្បាស់អ៊ីចឹង ប្រាកដជាមានមេត្តា មានសេចក្តីស្រលាញ់ សេចក្តីអាណិតអាសូរ ដល់ស្ត្រីទូទាំងសកលលោក។
សូមរំលឹកថា ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។
ព្រះមហាវិមលធម្ម ពិន សែមគឺជាសមណដ៏ឆ្នើមមួយរូប ដែលកុលបុត្រទាំងឡាយ គួរយកជាគំរូ ព្រោះរាល់គោលបំណង និងការតាំងចិត្តរបស់ព្រះអង្គ គឺព្រះអង្គបានធ្វើឱ្យសម្រេចតាម សេចក្តីប្រាថ្នា ដោយសេចក្តី ក្លាហាន ដោយការលៈបង់ ការព្យាយាម ការអត់ធ្មត់ និង ប្រកបដោយភាពច្បាស់លាស់ ប្រាកដប្រជា មិនបោះបង់ នូវការសច្ចារបស់ព្រះអង្គ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
Post a Comment