ក្មេង​ប្រុស​ម្នាក់ ក្នុង​ចំណោម​ក្មេង​ប្រុស​ទាំង១២​នាក់ ជាប់​ក្នុង​រូងភ្នំ​ថាំហ្លួង ​ជិត៥​ឆ្នាំ​មុន​ បាន​ស្លាប់​នៅ​ប្រទេស​អង់គ្លេស

ក្មេង​ប្រុស​ម្នាក់ ក្នុង​ចំណោម​ក្មេង​ប្រុស​ទាំង១២​នាក់ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​រូងភ្នំ​ដែល​លិច​ទឹក​ក្នុង​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៨ បន្ទាប់​ពី​ជាប់​អស់​រយៈពេល​ជាង​២​ស​ប្តា​ហ៍ ត្រូវ​បាន​ប្រកាស​ថា ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រទេស​អង់គ្លេស ជា​កន្លែង​ដែល​រូបគេ​កំពុង​រៀន​នៅ​សាលា​បាល់ទាត់ នៅ​ទីនោះ​។ នេះ​បើ​យោង​តាម​មូលនិធិ ដែល​ឧបត្ថម្ភ​ការ​សិក្សា​របស់​ក្មេង​ប្រុស​រូប​នេះ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​។ នេះ​បើ​តាម​ប្រភព​ពី CNN ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ក្មេង​ប្រុស​រូប​នោះ មានឈ្មោះ​ថា Dom Duangpet Phromthep អាយុ​១៧​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​សន្លប់​បាត់ស្មារតី​ក្នុង​បន្ទប់​ស្នាក់​នៅ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ នៅ​សាលា​បាល់ទាត់ Brooke House College Football Academy ក្នុង​តំបន់ Leicestershire ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដែល​ជា​កន្លែង​រូបគេ​ត្រូវ​បាន​ប្រកាស​ថា បាត់បង់​ជីវិត កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ខណៈ​ដែល​ខាង​សាលា​ក៏​បាន​បញ្ជាក់​ពី​ការ​ស្លា.ប់​របស់​គេ​ផង​ដែរ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ការ​ស្លា.ប់​របស់ Dom មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ​។

យ៉ាងណាមិញ តាម​សាខា​តំបន់​ភាគ​ខាងជើង​នៃ​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​រដ្ឋាភិបាល​ថៃ គ្រាន់តែ​ជូនដំណឹង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា Phromthep អាយុ​១៧​ឆ្នាំ បាន​ស្លា.ប់​ដោយសារ​ឧបទ្ទវហេតុ​មួយ ដោយ​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​បន្ថែម​នោះ​ទេ​។

លោក Kiatisuk Senamuang អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ថៃ និង​គ្រូបង្វឹក​ក្រុម​រហស្សនាម «​ដំរី​សឹក​» មួយ​នេះ ដែល​ត្រូវ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា «Zico» ដែល​ប្រធាន​មូលនិធិ Zico Foundation ដែល​ឧបត្ថម្ភ​ការ​សិក្សា​របស់ Dom បាន​សរសេរ​នៅ​លើ​គណនី​ហ្វេ​ក​ប៊ុ​ក​ផ្ទាល់ខ្លួន កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ថា «Zico Foundation សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ Dom Duangpet Phromthep ដែល​ជា​និស្សិត​អាហារូបករណ៍​របស់ Zico Foundation»​។

ម្តាយ​របស់ Dom ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​បាន​និយាយ​ថា គាត់​សង្ឃឹមថា​ព្រះសង្ឃ​ពុទ្ធសាសនា​នៅ​ប្រទេស​អង់គ្លេស អាច​ធ្វើ​ពិធី​ដល់​កូនប្រុស​របស់​គាត់ ដើម្បី​កុំឱ្យ​វិញ្ញាណ​របស់​គេ​ជាប់​នៅ​ទីកន្លែង ដែល​គេ​បាន​ស្លា.ប់ ទៅ​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​សាលា Brooke House កំពុង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ច្បាប់ និង​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ឡុ​ង​ដ៍ ហើយ​រ៉ាប់រង​ទាំងអស់​សម្រាប់​ដំណើរការ​បន្តបន្ទាប់​ទៀត នៃ​សាកស.ព​របស់ Dom​។

គួរ​រំលឹក​ថា Dom គឺជា​ប្រធាន​ក្រុម Wild Boars ដែល​ជា​ក្រុមបាល់ទាត់​យុវជន​នៅ​ខេត្ត Chiang Rai ភាគ​ខាងជើង​ប្រទេស​ថៃ​។ សមាជិក​ចំនួន​១២​នាក់​នៃ​ក្រុម​ដែល​មាន​អាយុ​ចន្លោះ​ពី ១១ ទៅ ១៦​ឆ្នាំ និង​គ្រូបង្វឹក​ម្នាក់​អាយុ២៥​ឆ្នាំ បង្ក​ភាព​ភ្ញាក់ផ្អើល​ទូ​ទាំង​ពិភពលោក កាលពី​ខែមិថុនា ឆ្នាំ​២០១៨ នៅ​ពេល​ដែល​ពួក​គេ​ទៅ​លេង​នៅ​រូងភ្នំ​ថាំ​ហ្លួង (Tham Luang) ក្នុងស្រុក Mae Sai ហើយ​ក៏​ជាប់​នៅ​ក្នុង​នោះ​តែ​ម្តង ដែល​ក្រោយមក​ក៏​មាន​ទឹកជំនន់ កើនឡើង​យ៉ាង​ឆាប់រហ័ស​ ហើយ​ប្រតិបត្តិការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​ដ៏​ធំ​ត្រូវ​បាន​ចាប់ផ្តើម ដែល​ពាក់ព័ន្ធ​នឹង​អ្នក​មុជទឹក​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ​។

ពួក​គេ​បាន​ចំណាយពេល​ជា​ច្រើន​ថ្ងៃ នៅ​ក្នុង​រូងភ្នំ មុន​ពេល​អ្នក​មុជទឹក​បាន​ប្រទះ​ឃើញ​ពួក​គេ​នៅ​ជ្រៅ​ក្នុង​រូងភ្នំ ដែល​ពោរពេញ​ដោយ​ភាព​កខ្វក់ ខណៈ​ដែល​ដំណឹង​របស់​ពួក​គេ ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ក៏​ដូច​ជា​ចេញផ្សាយ​ទៅ​កាន់​ពិភពលោក​យ៉ាង​កក្រើក​ផង​ដែរ​។

ការ​ស្លា.ប់​របស់ Dom បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ស្រប​ពេល​មិត្ត​រួម​ក្រុម Wild Boars របស់​គេ រួម​នឹង​មហាជន​ថៃ បាន​បង្ហោះ​សារ​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​នេះ​៕ (​ដកស្រង់​ចេញពី CNN និង NPR)






Powered by Blogger.