​ថ្មីទៀតហើយ! ​មន្ត្រី​ពន្ធដា​ខេត្ត ចុះ​ចាប់​គោ​យន្ត​ដឹក​ដី ​ឲ្យ​បង់ពន្ធ​កណ្តាល​វាលស្រែ​ នៅ​ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ មានការ​រិះគន់​ពី​មហាជន​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​មន្ត្រី​ពន្ធដា​ខេត្តស្វាយរៀង និង​សមត្ថកិច្ច ចុះ​ចាប់​ឃាត់​គោ​យន្ត​ដល់​វាលស្រែ ហើយ​ឲ្យ​បង់ប្រាក់​ក្នុង​១​គ្រឿង រហូត​២​សែន​រៀល​ក្នុង​១​ឆ្នាំ ធ្វើ​ឲ្យ​ម្ចាស់​គោ​យន្ត​ត្អូញត្អែ​រថា បង់ពន្ធ​ថ្លៃ​ជាង​រថយន្ត​ធុន​តូច​។ ហើយ​មន្ត្រី​ពន្ធដា​ចុះ​អនុវត្ត​ច្បាប់ ចាប់​គោ​យន្ត​ដឹក​ដី​នៅ​កណ្តាល​វាលស្រែ​ផាកពិន័យ​ចំនួន​២០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រឿង ដែល​ពលរដ្ឋ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម កំពុង​តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ ករណី​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ពភ្លា សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា គោ​យន្ត​កែ​ច្នៃ​របស់​ពួក​គាត់ ជា​គោ​យន្ត​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​គោ​យន្ត គឺ​មិនមែន​ជា​ម៉ាស៊ីនរថយន្ត​នោះ​ទេ ដូច្នេះ​សូម​មន្ត្រី​ជំនាញ​ពិនិត្យ និង​ពិចារណា​ឡើង​វិញ ចំពោះ​ការ​ផាកពិន័យ​ទៅ​លើ​គោ​យន្ត​របស់​ពួក​គាត់ ដែល​ប្រកប​របរ​រកស៊ី​ដឹក​ដី​បាន​បន្តិចបន្តួច គ្រាន់តែ​ចិញ្ចឹមជីវិត​នោះ​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ មន្ត្រី​ពន្ធដា​ខេត្តស្វាយរៀង បាន​បញ្ជាក់​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា យោង​តាម​ប្រកាស​លេខ​៥៣១ សហ​វ ចុះ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ស្តី​ពី​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ឧ​ប​សម្ព័ន្ធ​១ ចំណុច ខ​១ បាន​ចែង​ថា រថយន្ត​ដែល​បំប្លែង​មក​ពី​គោ​យន្ត ត្រូវ​បង់ពន្ធ​ចំនួន​២០០,០០០​រៀល​សម្រាប់​១​ឆ្នាំ ក្នុង​មួយ​គ្រឿង​។

មន្ត្រី​ដដែល​បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ក្រុមការងារ​ចុះ​ពិនិត្យ​ពន្ធ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន និង​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​របស់​សាខា​ពន្ធដា​ខេត្តស្វាយរៀង បាន​ចុះ​ពិនិត្យ​តាម​ដងផ្លូវ​នៅ​ជិត​នឹង​ទីតាំង​ដែល​យានយន្ត​កែ​ច្នៃ​នោះ កំពុង​ចរាចរណ៍ និង​ប្រកប​អាជីវកម្ម ហើយ​បាន​ពិនិត្យ​ឃើញ​ថា មិន​ទាន់​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​នៃ​យានជំនិះ​នៅឡើយ ស្រប​តាម​ប្រកាស​ជា​ធរមាន ទើប​កម្លាំង​ចម្រុះ​ចុះ​ដល់ទី​តាំង​ដើម្បី​ណែនាំ និង​អញ្ជើញ​ម្ចាស់​គោ​យន្ត​កែ​ច្នៃ​ទាំងនោះ មក​បង់​នៅ​តាម​គោលដៅ​ដែល​បាន​កំណត់​។

មន្ត្រី​បាន​បញ្ជាក់​ថា គោ​យន្ត​កែ​ច្នៃ​ទាំងនោះ ជា​ប្រភេទ​យានយន្ត​អាជីវកម្ម​ដឹក​ដី មិនមែន​ជា​យានយន្ត​កសិកម្ម​សុទ្ធសាធ​នោះ​ទេ​។ លើស​ពី​នេះ ក្នុង​ករណី​បើ​ពិនិត្យ​ឃើញ​ថា មន្ត្រី​ចុះ​អនុវត្ត​ផ្ទាល់​បាន​ប្រព្រឹត្ត​ខុស​ពី​គោលការណ៍​ក្នុង​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​នឹង​ចាត់វិធានការ​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​។

មហាជន​ចោទសួរ​ថា តើ​គោ​យន្ត​ច្នៃ​ដឹក​ដី​ចំណុះ​១​គូប​នេះ ត្រូវ​ជាប់ពន្ធ​២០​ម៉ឺន​រៀល​មែនឬ?





Powered by Blogger.