របាយការណ៍​ពី​ឥណ្ឌា មាន​ពលរដ្ឋ​ខ្មែរ​ជិត ១០០ នាក់​បាន​ទៅ​ផ្លាស់​ប្ដូរ​ថ្លើម

មេរោគថ្លើម​កម្រិត​ធ្ងន់​ធ្ងរ ដូច​ជា​ក្រិន​ថ្លើម មហារីកថ្លើម គឺ​ជា​ឃាតករលាក់​មុខ ដែល​យាយី​អាយុជីវិត​របស់​មនុស្ស​ទូទាំង​ពិភព​លោក ក្នុង​កម្ពុជា​ក៏​ដូច​គ្នា ដោយ​ក្នុង​នោះ​មាន​របាយការណ៍​មកថា មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត ១០០នាក់ បាន​ទៅ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ថ្លើម​នៅ​ឥណ្ឌា។

លោក​វេជ្ជបណ្ឌិត Arvinder Singh Soin អ្នក​ជំនាញ​ខាង​វះកាត់ប្ដូរថ្លើម
នា​ពេល​បច្ចុប្បន្ន ឥណ្ឌា គឺ​ប្រទេស​ល្បី​មួយ​ខាង​វេជ្ជសាស្ត្រ ក្នុង​នោះ​ការព្យាបាល​ថ្លើម ដោយ​ការ​វះកាត់​ប្ដូរ​ថ្លើម​ថ្មី។ តាម​លោក​វេជ្ជបណ្ឌិត Arvinder Singh Soin គ្រូ​ពេទ្យ​ឯកទេស​ខាង​ព្យាបាល​ជំងឺ​ថ្លើម​គ្រប់​ប្រភេទ​នៃ​មន្ទីរពេទ្យ Medanta Medicity នៃ​ប្រទេស​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ពេល​នេះ លោក​បាន​ព្យាបាល​ដោយ​ការ​វះកាត់​ប្ដូរ​ថ្លើម​ឲ្យ​អ្នក​ជំងឺ​ថ្លើម​មក​ពី​ជុំវិញពិភព​លោក​ប្រមាណ ៤ ០០០ករណី​ហើយ។

ចំណុច​គួរ​កត់​សម្គាល់​លោក​វេជ្ជបណ្ឌិត​បាន​បង្ហើប​ថា ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​ជំងឺ​ថ្លើម​ជា​ជនជាតិ​កម្ពុជា​ផង​ដែរ ដែល​មាន​ចំនួន ៧៥ នាក់។ លោក​ថា ជំងឺ​ថ្លើម​កំពុង​បង្ក​ការ​ព្រួយ​បារម្ភ​ជាសកល ក្នុង​នោះ វិទ្យាស្ថាន Medanta គឺ​ជាមជ្ឈមណ្ឌលប្តូរថ្លើមធំជាងគេទី 2 និងក្នុងចំណោមមជ្ឈមណ្ឌលប្តូរថ្លើមរបស់ម្ចាស់ជំនួយដែលទទួលបានជោគជ័យបំផុតនៅក្នុងពិភពលោក។

តាម​របាយការណ៍​ពី​វេជ្ជ​បណ្ឌិត​ជនជាតិ​ឥណ្ឌា​ដដែល Medanta បាន​ធ្វើការប្តូរ 30 ដងក្នុងមួយខែជាមួយនឹងអត្រាជោគជ័យ 96%។ ក្នុងចំណោមនោះ ការប្តូរថ្លើមជាង 10 ដង/ខែ ត្រូវបានធ្វើសម្រាប់អ្នកជំងឺអន្តរជាតិមកពីជុំវិញពិភពលោក។

លោក​វេជ្ជបណ្ឌិត Arvinder Singh Soin គឺ​ជា​បុគ្គលឆ្នើមដែលបានបង្កើត​ក្រុម​ការងារ​ជំនាញ​វះកាត់​ប្ដូរថ្លើម​ប្រចាំនៅមន្ទីរពេទ្យ Medanta Medicity ដែល​ទទួល​បាន​ជោគជ័យ​កម្រិតសកល។ លោក​បាន​មក​ប្រទេស​កម្ពុជា​លើក​ទី១ ក្នុង​បេសកកម្ម​ផ្សព្វផ្សាយ​ពី​ហានិភ័យ​នៃ​ជំងឺ​ថ្លើម ទី​២​ទៀត គឺ​លោក​មក​លេង​សួរ​សុខទុក្ខ​អ្នក​ជំងឺ​ជា​ជនជាតិ​ខ្មែរ​ដែល​ធ្លាប់​ទៅ​ទទួល​យក​ការ​ព្យាបាល​ពី​លោក​ផង។


លោក​វេជ្ជបណ្ឌិត Arvinder Singh Soin ទទួល​អំណោយ​អនុស្សាវរីយ៍​ពី​អ្នក​ជំងឺ​កម្ពុជា!

នៅ​ក្នុង​សន្ទរកថា​របស់​លោក​ក្នុង​សន្និសីទសារព័ត៌មាន​កាល​ពី​ចុង​សប្ដាហ៍​មុន លោក​វេជ្ជបណ្ឌិត Arvinder Singh Soin បាន​ព្រលយ​ថា ពលរដ្ឋ​កម្ពុជា ក៏​មាន​អ្នក​ជំងឺ​ថ្លើម​ច្រើន​ដែរ។ លោក​ថា ជំងឺ​នេះ​ពួន​សម្ងំ​ក្នុង​ខ្លួន​យើង​យ៉ាង​ស្ងៀមស្ងាត់ និង​ស្ទើរ​មិន​មាន​អាការ​អ្វីខុស​ប្រក្រតី​លេច​ចេញ​មក​ក្រៅ។ ដូច្នេះ​មាន​តែ​ការ​ទៅ​ធ្វើតេស្ត​រក​មើល​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា យើង​មាន​ជំងឺ​នេះ​ឬអត់។

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា ករណី​រកឃើញ​មាន​ជំងឺ​ក្រិន ឬ​មហារីកថ្លើម សូម​ប្រញាប់​ស្វែង​រក​ការ​ព្យាបាល​ដោយ​ការ​វះកាត់​ប្ដូរ​ថ្លើម ឲ្យ​លឿន​តាម​តែ​អាច​ធ្វើ​បាន ពីព្រោះ​ការ​យឺតយ៉ាវ នាំ​ឲ្យ​មាន​បញ្ហា​​ទៅ​កាន់​សិរីរាង្គ​ផ្សេង​ទៀត ជា​ហេតុ​ធ្វើ​ការ​ព្យាបាល​កាន់​តែ​ពិបាក និង​មាន​ហានិភ័យ​ខ្ពស់​ថែម​ទៀត៕

Powered by Blogger.