ចំនួនអ្នកចុះឈ្មោះជាអ្នកស្ម័គ្រចិត្តក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មានប្រមាណ ៦០០០នាក់ហើយ
ភ្នំពេញ៖ ចំនួនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺមានចំនួនប្រមាណ ៦០០០នាក់ គិតត្រឹមចុងសប្ដាហ៍កន្លងទៅនេះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី កាលពីថ្ងៃទី១១ ខែកុម្ភៈ។
ថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនាឆ្នាំ២០២៣នេះ ជាកាលបរិច្ឆេទនៃការបើកទទួលពាក្យជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ អំឡុងបើកទទួលពាក្យនេះ ក្រុមការងារក៏ចាប់ផ្ដើមធ្វើការសម្ភាសន៍ផ្ទាល់ អ្នកស្ម័គ្រចិត្តទាំងនោះផងដែរ។
ពាក់ព័ន្ធនឹងការជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាធំទាំងពីរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីចុងសប្ដាហ៍បានលើកឡើងដែរថាចំនួនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្ត គឺមានចំនួនប្រមាណ៦០០០នាក់ហើយ។
ការជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺត្រូវការចំនួនរហូតដល់៧០០០នាក់។
ប្រជាពលរដ្ឋគ្រប់រូប ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ សុទ្ធតែអាចដាក់ពាក្យធ្វើជាអ្នកស្ម័គ្រចិត្ត ទាំងអ្នកចេះភាសាបរទេស អ្នកមិនចេះភាសាបរទេស បូករួមទាំងជនមានពិការភាពផងដែរ។
អ្នកស្ម័គ្រចិត្តទោះភាគច្រើន ជាយុវជនក្ដី ក៏មានវត្តមានមនុស្សវ័យជិត ៥០ឆ្នាំ មកទទួលការសម្ភាសន៍ ធ្វើជាអ្នកស្ម័គ្រចិត្តផងដែរ។
គោលដៅរួមមួយនៃ អ្នកដាក់ពាក្យធ្វើជាអ្នកស្ម័គ្រចិត្ត គឺដើម្បីមុខមាត់ កិត្តិយសជាតិកម្ពុជា ព្រោះវាជាលើកដំបូងដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាទាំងពីរនេះ។
ក្រោយការជ្រើសរើសអ្នកស្ម័គ្រចិត្តរួចរាល់ គឺបុគ្គលទាំងនោះត្រូវឆ្លងកាត់ ការបណ្ដុះបណ្ដាលបន្ថែម។ ការបណ្ដុះបណ្ដាល មានទាំងចំណេះដឹងទូទៅ ការបណ្ដុះបណ្ដាលជំនាញនានា ជាពិសេសអ្នកស្ម័គ្រចិត្តទៅផ្នែកប្រភេទកីឡាណាមួយ៕
Post a Comment