ឯកឧត្តម ហ៊ុន ម៉ាណែត៖ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស (BTV)
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) មានតួនាទីយ៉ាងសំខាន់ដោយមិនអាចខ្វះបាននោះឡើយ ក្នុងការអភិវឌ្ឍមូលធនមនុស្ស ខណៈកម្មវិធីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីផលប្រយោជន៍ប្រជាជន។
ក្នុងឱកាសសំណេះសំណាលជាមួយនឹងសាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូនៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានខិតខំពង្រឹង និងពង្រីកការវិនិយោគនិងការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងទាំងផ្នែករឹង និងផ្នែកទន់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យឧស្សាហកម្ម ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការប្រែប្រួលបច្ចេកវិទ្យា នៃបដិវត្តឧស្សាហកម្ម ៤.០»។
ឯកឧត្តមបណ្ឌិត បានលើកឡើងទៀតថា នៅក្នុងឆ្នាំ ២០២៣នេះ កម្ពុជាកំពុងបន្តរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ (TVET DAY) ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជនព្រមទាំងសាធារណជន ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងស្រុក និងក្រៅប្រទេសជាដើម។
ជាមួយគ្នានោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន ដែលជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាជួយដល់ការអភិវឌ្ឍគ្រឹះស្ថាន TVET ទាំងគ្រឹះស្ថានសាធារណៈ និងឯកជនបានចំនួន ១០៧ គ្រឹះស្ថាន ដោយមានសិក្ខាកាមសិស្សនិស្សិតបានបញ្ចប់ការសិក្សាចំនួនជាង ៦ម៉ឺននាក់រៀងរាល់ឆ្នាំ នៅទូទាំងប្រទេសផងដែរ។
ក្នុងឱកាសនោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយប្រកបដោយភាពចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ យុទ្ធវិធី ភាពឈ្លាសវៃ និងភាពច្នៃប្រឌិត ហើយតែងប្រកាន់ខ្ជាប់នូវមាគ៌ាដឹកនាំតាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ព្រមទាំងមានគោលនយោបាយច្បាស់លាស់ សំដៅបម្រើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍន៍ជាតិផងដែរ។
ឯកឧត្តម បានបន្តទៀតថា គណបក្សបានសម្រេចនូវសមិទ្ធផលចម្បងៗជាច្រើនសន្ធឹកសន្ធាប់ចាប់តាំងពីក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩មកដូចជា ការស្រោចស្រង់ជីវិតប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់របបប៉ុលពត, ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត និង តស៊ូប្រយុទ្ធនឹងសត្រូវរួមរបស់ជាតិខ្មែរគឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ដែលបានកើតមានទ្បើងលើទឹកដីអង្គរនៃយើងជាង៥០០ ឆ្នាំមកហើយរហូតសម្រេចបានការបញ្ចប់ទាំងស្រុងនូវអរិភាពទាំងនេះ និងទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់។
ដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តថែរក្សាសុខសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់ខ្មែរយើងគ្រប់ជំនាន់ជានិច្ចនិរន្តន៍តរៀងទៅ៕
Post a Comment