FATF សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះខាងលាងលុយកខ្វក់

រាជធានី​ភ្នំពេញ ៖ សម្ដេច ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ឲ្យ​ដឹង​ថា អង្គការ​ហ្វា​ត (FATF) បាន​សម្រេច​ដក​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​ហើយ​។

សម្ដេច ស ខេ​ង លើក​ឡើង​បែប​នេះ នា​ឱកាស​អញ្ជើញ​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា «​តាម​របាយការណ៍​របស់ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​ថា មហាសន្និបាត​នៃ​អង្គការ FATF កាលពី​ថ្ងៃ​ទី​២១ ដែល​កិច្ចប្រជុំ​ត្រៀម​បំរុង សម្រាប់​ថ្ងៃ​ទី​២៤ នោះ គឺ​បាន​សម្រេច​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​។ ប៉ុន្ដែ​ប្រកាស​ជា​ផ្លូវការ​តាម​ព័ត៌មាន គេ​នឹង​ធ្វើ​ម៉ោង​១០ (​ម៉ោង​នៅ​កម្ពុជា​) នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ យើង​រង​ចាំ​ព័ត៌មាន​នេះ​ទាំងអស់​គ្នា​»​។

សម្តេច​លើក​ឡើង​ថា ដំណឹង​នេះ​ពិតជា​ល្អ​សម្រាប់​កម្ពុជា​ហើយ ប៉ុន្តែ​ស្រប​ពេល​ជាមួយនឹង​អ្វី​ដែល​ទទួល​នេះ​ក៏​មិន​ត្រូវ​ភ្លេចខ្លួន​ផង​ដែរ​ក្នុង​ការ​បន្ត​ការពារ​កម្ពុជា​ក្នុង​កិច្ចសហការ​ជាមួយ​អង្គការ FATF ។

សម្ដេច​ក្រឡាហោម​បាន​បន្ដ​ថា «​បន្ទាប់​មក​ទៀត គឺ​មិន​ត្រូវ​ភ្លេចខ្លួន ក្នុង​ការ​កិច្ច​សហប្រតិបត្តិការ​នានា​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ព្រមទាំង​រួម​សាមគ្គី​គ្នា​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បន្ដ​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​លទ្ធផល​ដែល​ខិតខំ​ជាមួយ​អង្គការ FATF​នេះ​» ។

សូម​រំលឹក​ថា អង្គការ FATF​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២២ បាន​សម្រេច​បន្ត​ដាក់​កម្ពុជា​ស្ថិត​ក្នុង «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខាង​អំពើ​លាងលុយកខ្វក់​ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន​៕



Powered by Blogger.