សម្តេចតេជោ ហ៊ុន សែន រំឮកទៅកាន់មន្ត្រីៗឱ្យខិតខំរៀនសូត្របន្ថែម កាត់ចោលភាពខ្មាសអៀនក្នុងការសាកសួរទៅមន្ត្រីថ្នាក់ក្រោម នៅពេលដែលខ្លួនមិនចេះ ជាពិសេសជំនាញបច្ចេកវិទ្យា(Freshnews)
ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការមិនព្រមរៀន និងមិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារ រាំងស្ទះរបៀបធ្វើការងារ ឬក៏ឆ្លយតបមិនលឿន។ ការនៅត្រឹងស្មើនឹងការដើរថយក្រោយ ឬអភិរក្ស ដែលជាឧបសគ្គដល់ដំណើរនៃការអភិវឌ្ឍ។
ការគូសបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ជាង៧ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សភាពការណ៍វិវត្តលឿនណាស់ ការនៅទ្រឹងណាមួយ វាស្មើនឹងមានចរិតថយក្រោយ»។ ដែលចំណុចនេះគឺជាការរំឮកទៅកាន់រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអភិបាលខេត្ត ឱ្យខិតខំរៀនសូត្របន្ថែម ដោយកាត់ចោលនូវភាពខ្មាសអៀន ក្នុងការសាកសួរទៅមន្ត្រីថ្នាក់ក្រោម នៅពេលដែលខ្លួនមិនចេះ ជាពិសេសជំនាញបច្ចេកវិទ្យា។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម័យនេះហើយមិនចាំបាច់ស្ពាយសៀវភៅ ជាច្រើនទៅទេ ក្នុងទូរស័ព្ទដៃ និងក្នុង Ipad របស់សម្តេចមានសៀវភៅជាង៦០ក្បាល បើចង់អានសៀវភៅណា គឺបើកទៅមើលកន្លែងហ្នឹង ហើយជូនកាលមានតម្រូវការកែឯកសារខ្លះ បន្ថែមពីនេះ គ្រាន់តែធ្វើពីដំណើរពីភ្នំពេញ ហោះឆ្ពោះចេញទៅដល់សហរដ្ឋអាមេរិក សម្តេចបានកែបានឯកសារច្រើនណាស់ ដើម្បីបញ្ចូនមកកែតម្រូវ ដើម្បីចូលរោងពុម្ព។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អ៊ឹចឹងសម័យនេះហើយមិនមែនជាសម័យស្ពាយឯកសារទៅទាំងដុលៗនោះទេ ដាក់តែក្នុងទូរស័ព្ទ និង iPad ហើយខ្ញុំទៅអាននៅអង្គការសហប្រជាជាតិ ខ្ញុំអត់អានក្រដាសទេ ខ្ញុំយក iPad ទៅអាន នៅក្នុងណុងមានមានឯកសារច្រើន...! អ៊ឹចឹងទេអាហ្នឹងហើយដែលយើងបង្កើនចំណេះដឹង ក្នុងដំណាក់កាលឌីជីថល ហើយបើគេចូលទៅដល់ឌីជីថលហើយ អ៊ឹចឹងទេទាំងចាស់ ទាំងក្មេង ត្រូវតែរៀនដូចគ្នា បើមិនអ៊ឹចឹងវានឹងក្លាយទៅជាឧបសគ្គនៅក្នុងការឈានទៅមុខ បច្ចេកវិទ្យាវាអត់ឈានទៅមុខ អ៊ឹចឹងទេវារាំងស្ទះរបៀបធ្វើការងារ ឬក៏ឆ្លយតបមិនលឿន»។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម័យបច្ចេកវិទ្យានេះ គឺទាមទារឱ្យយើងធ្វើការវាយតម្លៃ សិក្សាពីសភាពការណ៍ពិភពលោកដែលកំពុងកើតឡើងជាដើម។ ការរៀនសូត្រគ្មានថ្ងៃបញ្ចប់នោះទេ ហើយក៏មិនតម្រូវតែលើកុមារ យុវជន និស្សិតនោះឡើយ តែរាប់បញ្ចូលទាំងមន្ត្រីជាន់ខ្ពស់ផងដែរ។
«ចាប់ផ្តើមឡើងធ្វើរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្ត ឬអភិបាលរងខេត្តតែម្តង ប៉ុន្តែដោយសារខ្លាចខ្មាស់អៀន សួរគេទៅថា អន់ អ៊ីចឹងមនុស្សហ្នឹងនៅតែអត់ចេះរហូត ទោះឆ្លងកាត់ខ្លួនធ្វើរដ្ឋមន្ត្រីហើយក៏ដោយ បើអត់មានការចេះដឹងបន្ថែម ដោយសារតែខ្លួនខ្លាច ខ្មាសអៀនទៅនឹងការសួរមន្ត្រីថ្នាក់ក្រោម»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងថា សម្រាប់សម្តេចផ្ទាល់ក៏ត្រូវតែរៀនបន្ថែមផងដែរ ចាប់តាំងពីការនិយាយ ពីអក្ខរកម្មកុំព្យូទ័រ ទៅជាអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសចំណេះដឹងលើការប្រើប្រាស់ស្មាតហ្វូន និងប្រព័ន្ធបណ្តាញសង្គមនានា៕
Post a Comment