Google, Twitter និង Meta ប្រឈមមុខនឹងច្បាប់មាតិកាអនឡាញនៅ EU កាន់តែខ្លាំង
បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Alphabet Inc, Meta Platform និង Twitter កំពុងប្រឈមមុខនឹងច្បាប់មាតិកាអនឡាញដ៏តឹងរឹងរបស់សហភាពអឺរ៉ុប ដោយតម្រូវឱ្យរាយការណ៍ពីចំនួនអ្នកប្រើប្រាស់សកម្មជាប្រចាំ ខណៈទិន្នន័យអ្នកប្រើប្រាស់របស់បណ្តាញផ្សព្វផ្សាយទាំងនេះកំពុងស្ថិតក្នុងការសង្ស័យដោយតួរលេខអ្នកប្រើប្រាស់បានកើនលើសកម្រិតកំណត់ច្បាប់ដែលបានដាក់ចេញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។
យោងតាមច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ឬ Digital Services Act (DSA) បានចែងថា រាល់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមដែលមានអ្នកប្រើប្រាស់ច្រើនជាង ៤៥លាននាក់គឺជាវេទិកាអនឡាញដែលធំជាងគេបំផុត ហើយត្រូវមានកាតព្វកិច្ចដូចជា ការគ្រប់គ្រងហានិភ័យសុវត្ថិភាពអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅ និងត្រូវតែជាសវនកម្មឯករាជ្យ។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គមទាំងនេះត្រូវបានតម្រូវឱ្យចែករំលែកទិន្នន័យជាមួយអាជ្ញាធរ និងអ្នកស្រាវជា្រវ និងអ្នកអនុម័តក្រមសីលធម៌ផងដែរ។
គណៈកម្មការអឺរ៉ុបនឹងចាប់ផ្តើមរឹតបន្តឹង Platform Online ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈម្សិលមិញនេះតទៅ ដើម្បីបង្ហាញទិន្នន័យអ្នកប្រើប្រាស់ប្រចាំខែរបស់ពួកគេ។ ចំពោះ Platform Online ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុត និងចាត់ទុកថាបណ្តាញផ្សព្វផ្សាយសង្គមធំជាងគេ និងមានរយៈពេល ៤ខែដើម្បីអនុវត្តតាមច្បាប់ ហើយប្រសិនមិនព្រមគោរពតាមការដាក់ចេញនឹងឈានដល់ការផាកពិន័យជាទឹកប្រាក់ថែមទៀតផង។
ផ្អែកទៅលើរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃនេះ Twitter បានបង្ហាញចំនួនអ្នកប្រើប្រាស់របស់ខ្លួនគិតត្រឹម ៤៥ថ្ងៃចុងក្រោយមានចំនួន ១០០.៩លាននាក់ក្នុងសហភាពអឺរ៉ុប។ ចំណែក Alphabet Inc បានបង្ហាញពីចំនួនអ្នកប្រើប្រាស់ជាមធ្យមចុងក្រោយរបស់ខ្លួនមានចំនួន ២៧៨.៦លាននាក់នៅលើ Google Maps ២៧៤.៦ លាននាក់នៅលើ Google Play ៣៣២លាននាក់នៅលើ Google Search ៧៤.៩លាននាក់នៅលើ Shopping និង ៤០១.៧លាននាក់នៅលើ YouTube។ ខណៈទិន្នន័យរបស់ Meta Platform បានបង្ហាញមានចំនួនអ្នកប្រើប្រាស់នៅលើ Facebook មានប្រហែល ២៥៥លាននាក់ និងនៅលើ Instagram មានប្រហែល ២៥០លាននាក់នៅក្នុងសហភាពអឺរ៉ុប គិតត្រឹមរយៈពេល ៦ខែចុងក្រោយនៃឆ្នាំ២០២២៕
Post a Comment